កីឡា

លោក សរ សិទ្ធិ ៖ ការប្រកួតកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ ធ្វើឡើង ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងអគ្គនាយកដ្ឋាន នានាចំណុះក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួង មហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំ ការប្រកួតពានរង្វាន់ ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសន្និសីទ សារព័ត៌មាន ស្តីពីការប្រកួតពានរង្វាន់ ក្រសួងមហាផ្ទៃ កាលពីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក ។

លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់ពានរង្វាន់ ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី១ ខែមីនា និងបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយពិធីបើក-បិទ ធ្វើឡើង នៅពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។

ការប្រកួតនេះបង្កើតឡើង ក្នុងគោលបំណងរួមចំណែក ចូលរួមលើកកម្ពស់ វិស័យកីឡាបាល់ទាត់ សំដៅបណ្ដុះស្មារតី ស្រលាញ់កីឡា ដើម្បីសុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាន នានាចំណុះក្រសួងមហាផ្ទៃ។
លោកបានបន្តថា សម្រាប់ការ ប្រកួតពានរង្វាន់ ក្រសួងមហាផ្ទៃ លើកដំបូងនេះ បុគ្គលិកជាមន្ត្រីរាជការ គ្រប់អាយុរបស់ ក្រសួងមហាផ្ទៃ អាចចូលរួមប្រកួតបាន ប៉ុន្តែសម្រាប់កីឡាករអាជីព និងកីឡាករធ្លាប់លេងអាជីព ក្រោមអាយុ៤០ឆ្នាំ មិនអនុញ្ញាតឲ្យចូលរួមប្រកួតបានឡើយ ។

បុគ្គលិកដែលធ្លាប់ ជាកីឡាករអាជីព ចាប់ពីអាយុ៤០ឆ្នាំឡើង ទើបអនុញ្ញាតឲ្យចូលរួមប្រកួត។
ក្រុមទាំង១៥ ត្រូវបានបែងចែកជា៤ពូល ពូល A B C មាន៤ក្រុមដូចគ្នា ខណៈពូល D មានតែ៣ក្រុម។ រូបមន្តនៃការប្រកួតគឺ ការប្រកួតសន្សំពិន្ទុក្នុងពូល ។ ក្រុមលេខ១ និងលេខ២នៃពូលនីមួយៗ ឡើងទៅវគ្គ៨ ក្រុមចុងក្រោយ ដែលត្រូវបន្តប្រកួតប្រជែង រហូតដល់វគ្គផ្តាច់ព្រ័ត្រ ។

ពូល A ៖ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រុមសាលាជាតិ រដ្ឋបាលមូលដ្ឋាន ក្រុមអគ្គនាយកដ្ឋាន រដ្ឋបាល ក្រុមអគ្គាធិការដ្ឋាន ពូល B ៖ក្រុមអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា នីតិកម្ម ក្រុម ខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមអគ្គនាយដ្ឋាន អត្តសញ្ញាណកម្ម ។
ចំណែកពូល C ៖ ក្រុមអគ្គនាយកដ្ឋាន ពន្ធនាគារ ក្រុមបណ្ឌិតសភា នគរបាលកម្ពុជា ក្រុម អគ្គនាយកដ្ឋាន ឌីជីថល និង ផ្សព្វផ្សាយអប់រំ និងក្រុមអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ រីឯពូល D ៖ ក្រុមអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រុមអគ្គលេខាធិការដ្ឋាន កក្រសួង មហាផ្ទៃ និងក្រុម អគ្គស្នងការដ្ឋាន នគរបាល ជាតិ ៕

Most Popular

To Top