ខ្សែប្រយុទ្ធ Luka Modric បានបន្តកុងត្រាថ្មីជាផ្លូវការជាមួយក្លឹប Real Madrid នៅក្នុងថ្ងៃនេះជាផ្លូវការ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។
កីឡាករនេះ និងក្លឹបបានព្រមព្រៀងគ្នាបន្តកុងត្រាថ្មីរយៈពេល១ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

ការបន្តលេងនៅក្លឹប Real Madrid នេះជាក្ដីស្រមៃរបស់ Modric ដោយកីឡាករចង់ចូលនិវត្តន៍នៅក្លឹបនេះតែម្ដង។ កីឡាករនេះធ្លាប់និយាយទៅកាន់សារព័ត៌មានកាលពីចុងខែកន្លងទៅនេះថា៖” ខ្ញុំតែងតែនិយាយថា ខ្ញុំចង់ចូលនិវត្តន៍នៅក្លឹបមួយនេះ នេះជាអ្វីដែលខ្ញុំចង់បាន។ វាដូចជាសុបិនអញ្ចឹង ខ្ញុំចាត់ទុកទីនេះជាផ្ទះរបស់ខ្ញុំ។ Real Madrid នៅតែជាក្លឹបនៃជីវិតរបស់ខ្ញុំ។ ខ្ញុំចង់បាន Farewell ដូច Toni Kroos ដែរ ពិតជាអស្ចារ្យមែនទែន “។

បើតាមការចុះផ្សាយរបស់ The Athletic កីឡាករនេះសុខចិត្តកាត់ប្រាក់ខែរបស់ខ្លួនដើម្បីតែនៅបន្ត Real Madrid ព្រោះតែចង់បន្តប្រវត្តិសាស្ត្រជាមួយក្លឹបនេះ។

Modric ជាកីឡាករដែលមកលេងឲ្យ Real តាំងពីឆ្នាំ២០១២មក ដោយចូលលេងប្រកួតសរុប ៥៣៤ប្រកួត និងស៊ុតចូល ៣៩គ្រាប់។ កីឡាករនេះបានជួយឲ្យក្លឹបឈ្នះពានតូចធំអស់ហើយដោយធ្លាប់ឈ្នះពានលីគកំពូល និង UEFA Champions League ជាដើម។ កីឡាករនេះក៏ធ្លាប់ឈ្នះពាន Ballon D’or ផងដែរក្នុងអាជីពបាល់ទាត់របស់គេ៕
ប្រភព៖sabay
