ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការប្រកួតនេះ ជាការផ្តល់ ឱកាសឲ្យកីឡាករ- កីឡាការិនី ទូកទំាងអស់គ្នា បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាព បច្ចេកទេសដែល បានហ្វឹកហាត់នាពេលកន្លងមក ហើយជ័យជម្នះដែលកីឡាករ-កីឡាការិនីទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់បាន ពីការខិតខំហ្វឹកហាត់ជាប្រចាំ គួបផ្សំនឹងការតស៊ូព្យាយាម គោរព វិន័យ ប្រកបដោយក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវនៃការប្រកួត។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបន្តថា ប្រតិភូ គ្រូបង្វឹក និងជាកីឡាករ-កីឡាការិនី បានជ្រាបស្រាប់ហើយថា ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ បានយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ខាងមុខនេះផងដែរ។

នាពេលបច្ចុប្បន្ន ខ្ញុំសង្កេតឃើញថា ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកផ្កាចារ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ុង នៅកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានការគាំទ្រជាបណ្តើរៗពីថ្នាក់ដឹកនាំ និងមហាជនទូទៅ ផងដែរ។ ទន្ទឹមគ្នានេះសមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសមានការ ចូលរួមពីកីឡាករ-កីឡាការិនីជាយុវជន ដែលជាថ្នាល និង ជាកម្លាំងចលករ ជាយុទ្ធសាស្ត្រទៅអនាគត ជាតម្រូវការ របស់សហព័ន្ធ។

ប្រធានសហព័ន្ធបានបន្ថែមទៀតថា ប៉ុន្តែយ៉ាងណាក៏ដោយ ដើម្បីឲ្យប្រភេទកីឡាទូកផ្កាចារ ទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ុង និងទូកប្រពៃណីខ្នាតអន្តរជាតិ ឬហៅថា“ទូកនាគ” កាន់តែមានវឌ្ឍនភាព ទាំងបរិមាណ និងគុណភាពបច្ចេកទេសខ្ពស់ អាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡា យុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ទទួលបានលទ្ធផលល្អត្រូវខិតខំយកចិត្តទុកដាក់ បើកវគ្គបណ្តុះបណ្តាល និងបង្កើន បរិមាណកីឡាករ -កីឡាការិនី វ័យក្មេងនៅតាមបណ្តា សមាគមកីឡាទូក ប្រពៃណីខ្នាត អន្តរជាតិ “ទូកនាគ” ទូកផ្កាចារ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ុង ទូទាំងប្រទេស៕



