ប៉ារីស៖ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីស បាននិយាយកាលពីថ្ងៃពុធថា រដ្ឋអាជ្ញាបារាំងបានបើកការស៊ើបអង្កេតលើពាក្យបណ្តឹងយាយីតាមប្រព័ន្ធអ៊ីនធើណេតដែលធ្វើឡើងដោយម្ចាស់មេដាមាសអូឡាំពិក Imane Khelif បន្ទាប់ពីមានការរិះគន់ និងការអះអាងមិនពិតអំពីការកែភេទរបស់នាងក្នុងអំឡុងការប្រកួតកីឡារដូវក្តៅ។
មេធាវីរបស់អត្តពលិកលោក Nabil Boudi បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់កាលពីថ្ងៃសុក្រជាមួយអង្គភាពពិសេសមួយនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសដែលប្រយុទ្ធប្រឆាំងនឹងការនិយាយស្អប់តាមប្រណ័ន្ថអ៊ីនធើណេត។ លោក Boudi បាននិយាយថា អ្នកប្រដាល់រូបនេះត្រូវបានកំណត់គោលដៅដោយយុទ្ធនាការខុសឆ្គង រើសអើងជាតិសាសន៍ និងផ្លូវភេទ ខណៈនាងបានឈ្នះមេដាយមាសក្នុងវិញ្ញាសាទម្ងន់ Welterweight របស់ស្ត្រី ក្លាយជាវីរបុរសក្នុងប្រទេសអាល់ហ្សេរី និងនាំមកនូវការចាប់អារម្មណ៍ជាសកលចំពោះកីឡាប្រដាល់របស់ស្ត្រី។
ការិយាល័យរដ្ឋអាជ្ញាបានបន្តថា ខ្លួនបានទទួលពាក្យបណ្តឹងហើយ ការិយាល័យប្រឆាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មស្អប់ខ្ពើម បានបើកការស៊ើបអង្កេតលើការចោទប្រកាន់ពីបទការបៀតបៀនតាមអ៊ីនធើណេតដោយផ្អែកលើយេនឌ័រ ការប្រមាថជាសាធារណៈដោយផ្អែកលើយេនឌ័រ ការញុះញង់សាធារណៈឲ្យមានការរើសអើង និងការប្រមាថជាសាធារណៈលើមូលដ្ឋាននៃប្រភពដើម។
កីឡាការិនី Khelif ត្រូវបានរុញច្រានចូលទៅក្នុងការប៉ះទង្គិចគ្នាទូទាំងពិភពលោកជុំវិញអត្តសញ្ញាណយេនឌ័រ និងបទប្បញ្ញត្តិក្នុងកីឡា បន្ទាប់ពីការប្រកួតលើកដំបូងរបស់នាងនៅទីក្រុងប៉ារីស នៅពេលគូប្រកួតជនជាតិអ៊ីតាលី កីឡាការិនី Angela Carini បានដកខ្លួនចេញពីការប្រកួតត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយលើកឡើងពីការឈឺចាប់ពីការកណ្តាប់ដៃ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានការពារនាង និងបរិហារព័ត៌មានមិនពិតទាំងនោះ បានធ្វើការអះអាងថា កីឡាការិនី Khelif ជាមនុស្សកែភេទ ឬបុរសបានផ្ទុះឡើងតាមអ៊ីនធើណេត។ ចំណែកកីឡាការិនី Khelif បាននិយាយថា ការរីករាលដាលលើតាមប្រព័ន្ធអ៊ីនធើណេតនៃការយល់ខុសអំពីនាងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស៕