ភ្នំពេញ ៖ លោកវ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មកា ចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុន ចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតីបានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមទាំងអ្នកផ្សព្វផ្សាយ តាមផេកទំនាក់ទំនងសង្គម ជាអ្នករួមចំណែកដ៏សំខាន់ ក្នុងការគាស់កកាយអ្នកយុទ្ធគុនខ្មែរ មកពីគ្រប់ទិសទីទាំងអស់ឱ្យមកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះ ដែលនឹងប្រកួតជាផ្លូវការពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានស្តាតអូឡាំពិក។

លោក វ៉ាត់ ចំរើន ក៏បានលើកបង្ហាញ ពីជីវប្រវត្តិ ព្រលឹងយុទ្ធគុនចម្រុះខ្មែរបុរាណទាំងអស់ ដែលបុព្វបុរស ព្រមទាំងអតីតព្រះមហាក្សត្រគ្រប់ៗ ជំនាន់បានថែរក្សាទឹកដីតាំងពីបុរាណកាល រហូតដល់បច្ចុប្បន្ន តាមរយៈការចេះយុទ្ធគុន យុទ្ធសិល្បិ៍ យុទ្ធមន្តគ្រប់ទម្រង់ ក្នុងការប្រយុទ្ធប្រឆាំង ដើម្បីការពារទឹកដីពិតប្រាកដ ។

បន្ថែមពីលើនេះ លោកអនុប្រធានអចិន្ត្រៃយ៍ ក៏បានបំផុសឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយបំផ្ទុះ ការផ្សព្វផ្សាយឱ្យបានខ្លាំងក្លា ដើម្បីជួយបញ្រ្ជៀប ការផ្សព្វផ្សាយ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ ឱ្យកាន់ជ្រួតជ្រាបដល់មហាជន ដើម្បីដាស់ស្មារតីកូនខ្មែរបានស្គាល់ បានដឹងនូវគុណូបការៈដ៏ធំធេង របស់ព្រលឹងដូនតាខ្មែរ ក្នុងន័យអភិរក្ស និងអភិវឌ្ឍយុទ្ធគុនចម្រុះបុរាណខ្មែរ ឱ្យបានគង់វង្សយូរអង្វែង ៕



