ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី វាយកូនបាល់ជាតិ និងអន្តរជាតិ វ័យក្មេង ចំនួន ៤៨ នាក់ មកពីបណ្តាលប្រទេសអាស៊ី បានជួបជុំ ដើម្បីប្រកួតប្រជែង ដណ្តើមជើងឯក ក្នុងក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាវាយកូនបាល់ជើងឯក យុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024) នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងឱកាសពិធីបើកការប្រកួតកីឡា វាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បើកជាផ្លូវការ ដោយមានការអញ្ជើញ ចូលរួមពីលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោកស្រី Debbie Kirkwood ប្រធានចាត់ចែងព្រឹត្តិការណ៏ ការប្រកួត សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ និងលោកស្រី Manpreet Khandari នាយកប្រតិបត្តិ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី នៅទីលានវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ប្រទេសកម្ពុជា ។

ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់ជាតិ និងអន្តរជាតិវ័យក្មេង ១៦ ប្រទេសរួមមាន ម្ចាស់ផ្ទះកម្ពុជា ប្រទេសចិន ចិនតៃប៉ិ ហុងកុង ប្រទេសឥណ្ឌា ប្រទេសឥណ្ឌូនេស៊ី ប្រទេសអ៊ីរ៉ង់ ប្រទេសកាហ្សាក់ស្ថាន ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ប្រទេសនេប៉ាល់ ប្រទេសប៉ាគីស្ថាន ប្រទេសថៃ ប្រទេសតួកមេនីស្ថាន ប្រទេសអ៊ូសបេគីស្ថាន និងប្រទេសវៀតណាម ។

ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា វាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024) បាន ២ លើកមកហើយ ដូច្នេះដើម្បីបង្ហាញ ផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជា និងអន្តរជាតិមើលឃើញ អំពីការរីកចម្រើនផ្នែក វិស័យកីឡាវាយកូនបាល់ កម្ពុជាទៀតផង ៕






