ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាក់ពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្នុងការចូលរួមព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើទី២៩ នាថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅអង្គរវត្ត ខេត្តសៀមរាប។


លោក វ៉ាត់ ចំរើន បានលើកឡើងក្នុងឱកាសពិធីសន្និសារព័ត៌មានទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត និងពិធីប្រគល់ថវិកាជូនឧបត្ថម្ភដល់អង្គការមនុស្សធម៌ ព្រមទំាងមន្ទីរពេទ្យកុមារ ឆ្នាំ២០២៣ ប្រព្រឹត្តនាល្ងាចថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តជាព្រឹត្តិការណ៍កីឡាដ៏ធំជាងគេប្រចាំឆ្នាំនៅកម្ពុជាដែលប្រារព្ធឡើងនៅ ខេត្តសៀមរាបជារៀងរាល់ឆ្នាំ ហើយបានលើកកម្ពស់សុខុមាលភាព ជំរុញកំណើនសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងវិស័យទេសចរណ៍ក្នុងស្រុក ជាពិសេស គាំទ្រដល់អង្គការសប្បុរសធម៌ និងមន្ទីរពេទ្យកុមារនានាតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូឧបត្ថម្ភ ព្រមទាំងក្រសួងពាក់ព័ន្ធជាច្រើនទៀត។



លោកបានបន្តថា គិតមកដល់ពេលនេះមានអ្នកចុះឈ្មោះបានជាង ៨០០០ នាក់ហើយ ក្នុងកម្ពុជាមានប្រហែលជាង ៦០០០ នាក់ និងជនបរទេសបានប្រហែល ២៣០០នាក់ ហើយនៅសល់ ២០០០នាក់ទៀត គ្របចំនួនដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឲ្យមានអ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើទី២៩ នាថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅអង្គរវត្ត ខេត្តសៀមរាប៕
ដោយ៖លី ភីលីព
