George Baldock អតីតខ្សែការពារ របស់ក្លឹបបាល់ទាត់ Sheffield United ដែលទើបតែផ្លាស់ទៅកាន់ក្លឹប Panathinaikos នៃលីគកំពូលរបស់គ្រិចបានស្លាប់ នៅអាយុ៣១ឆ្នាំ។
បើតាមការបញ្ជាក់របស់ប៉ូលីស ដែលបានដកស្រង់ដោយ Reuters គេបានប្រទះឃើញ Baldock ដេកស្លាប់ក្នុងអាងហែលទឹកក្នុងផ្ទះរបស់ខ្លួននៅ Glyfada នៃភាគខាងត្បូងនៃទីក្រុង Athens ។ ក្រុមប៉ូលីសក៏បានព្យាយាម ជួយសង្គ្រោះបឋមផងដែរក្រោយពេល ទៅដល់កន្លែងកើតហេតុ ប៉ុន្តែគ្រូពេទ្យបានបញ្ជាក់ថា គាត់បានស្លាប់បាត់ទៅហើយ ។
Baldock បានផ្ទេរទៅកាន់ក្លឹប Panathinaikos កាលពីរដូវក្ដៅដើមរដូវកាលនេះ បន្ទាប់ពីស្នាក់នៅ Sheffield United អស់រយៈពេល៧រដូវកាល។ គេជាកីឡាករដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងក្រុម ហើយទទួលបានការស្រលាញ់ពីមិត្តរួមក្រុម, អ្នកគាំទ្រ និងបុគ្គលិកក្នុងក្លឹបជាដើម ។
ខ្សែការពាររូបនេះទើបតែចាប់ផ្ដើមលេងនៅ Panathinaikos បាន៤ប្រកួតប៉ុណ្ណោះ ហើយក៏បានជួយក្រុមឲ្យបញ្ចប់ទៅដោយស្មើក្រុម Olympiakos កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន។ គេបានជាប់ជម្រើសជាតិគ្រិចចំនួន១២ដង និងបានចាប់ផ្ដើមអាជីពបាល់ទាត់នៅឆ្នាំ២០០៩ជាមួយក្រុម MK Dons និងបានលេងឲ្យក្រុមនេះច្រើនជាង១០០ប្រកួត ។
គេក៏ធ្លាប់លេង Northampton និង Oxford មុនពេលផ្ទេរទៅកាន់ Sheffield United ឆ្នាំ២០០៧ និងបានជួយក្រុមនេះឡើងទៅលេងនៅ English Premier League នៅ២០១៩ ដល់ឆ្នាំ២០២៣ ផងដែរ៕