ខេត្តកណ្តាល ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសរៀបចំការប្រកួតកីឡាបាល់ទាត់វ័យចាស់ក្នុងព្រឹត្តិការណកីឡាសម្រាប់ទំាងអស់គ្នាប្រចាំខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅកីឡដ្ឋានខេត្តកណ្តាល។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៤ បង្កើតឡើងក្នុងគោលបំណងឲ្យកីឡាករវ័យចាស់ ឬអ្នកដែលស្នេហាវិស័យបាល់ទាត់មានឱកាសចូលលេងលើទីលាន និងទទួលបានឱកាសបញ្ចេញជាតិពុលតាមរយៈការលេងកីឡា។
ប្រធានការិយាល័យអប់រំកាយ និងកីឡាបានបន្តថា ការប្រកួតធ្វើឡើងក្នុងគោលបំណង រឹតចំណងមិត្តភាព រវាងក្រុមបាល់ទាត់វ័យចាស់តាមបណ្តាលក្រុងស្រុក និងក្រុមបាល់ទាត់វ័យចាស់ផ្សេង ដើម្បីផ្សព្វផ្សាយ ព្រមទំាងជំរុញឲ្យយុវជនក្នុងខេត្តកណ្តាលនាំគ្នាលេង កីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីយុវជនម្នាក់ទៅយុវជនម្នាក់ទៀត ។
ប្រធានការិយាល័យអប់រំកាយ និងកីឡា នេះជាការប្រកួតមិត្តភាពមួយ ដើម្បីរឹតចំណងរវាងក្រុមទំាងអស់ដែលបានចូលរួម ជាពិសេសក្រុមប្រមូលផ្តុំកីឡាករបាល់ទាត់វ័យចាស់ អតីតជម្រើសជាតិកម្ពុជា និង គ្រូបង្វឹកកីឡាបាល់ទាត់កម្ពុជា និងផ្ដោតតែលើសុខភាព និងលេងដើម្បីបង្ហាញពីការចូលរួមលេង កីឡាទាំងអស់គ្នាស្រប តាមអនុសាសន៍របស់សម្ដេច “ប្រជាពលរដ្ឋម្នាក់លេងកីឡា យ៉ាងហោចណាស់មួយមុខ” ៕
ដោយ៖ លី ភីលីព