យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ទំនងជានឹងត្រូវសម្រេចចិត្តចុងក្រោយហើយថាលក់កីឡាករខ្សែប្រយុទ្ធ Rodrygo ចេញនៅរដូវក្តៅនេះខណៈដែល Man UTD និង Arsenal ស្ថិតនៅក្នុងចំណោមក្លឹបថ្មីដែលចង់បានកុងត្រារបស់កីឡាករ។
តាមប្រភពដដែលក្លឹប Real នឹងអាចដាក់លក់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ក្នុងតម្លៃខ្លួនប្រមាណជា ៨៥លានផោនដែលមានន័យថាក្លឹបអាចប្រមូលបានលុយមួយចំនួន មកធ្វើការពង្រឹងសមត្ថភាពរបស់ក្រុមឡើងវិញ នៅរដូវកាលក្រោយតាមរយៈការចំណូលថ្មីបន្ថែមទៀត។
គួរឲ្យដឹងដែរថា ចាប់តាំងតែពីការមកដល់របស់ Mbappe រដូវក្តៅឆ្នាំមុនមកកីឡាករ Rodrygo ហាក់ដូចជាបានបាត់បង់ពេលវេលាបង្ហាញខ្លួនយ៉ាងច្រើនឲ្យក្រុម និងធ្វើឲ្យទំរង់លេងរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះធ្លាក់ចុះខ្លាំងដែរ។
កីឡាករខ្លួនឯងក៏មិនមាន បំណងចង់បន្តលេងឲ្យក្លឹបទៀតដែរដោយសង្ឃឹមថា នឹងអាចទ្រនំថ្មីបង្ហាញស្នាដៃឲ្យបានច្រើនជាងនេះខណៈដែលតំណែងរបស់ខ្លួនត្រូវបាន ធ្វើដោយភាគច្រើនពីកីឡាករល្បីៗ ខ្លាំងជាងគាត់ដូចជា Vinicius Jr. និង Jude Bellingham ផង៕
ប្រែសម្រួល៖ ស៊ុន លី
