ស្វាយរៀង ៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន សហព័ន្ធតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទវគ្គ បណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង។

លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធកីឡាកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បាននិយាយថា យោងតាមផែនការ កសាងធនធានមនុស្ស ប្រកបដោយគុណផល និងប្រសិទ្ធភាពខ្ពស់ ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាកីឡាទូកកានូ និងរ៉ូងកម្ពុជា ទទួលបានការអនុញ្ញាតជាគោលការណ៍ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា ឱ្យសហព័ន្ធសហការជាមួយ មន្ទីរអប់រំយុវជន និងកីឡា ខេត្តស្វាយរៀង រៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។

អគ្គលេខាធិការរងបានបន្តថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ក្នុងនោះនារី ចំនួន ៤ នាក់មកពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា បញ្ជាការដ្ឋានកងទ័ពជើងទឹក មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ។
ឆ្លងតាមការសិក្សារយៈពេល៥ថ្ងៃកន្លងមក ឃើញថាសិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់ពីគោលបំណងនៃវគ្គទាំងទ្រឹស្តី អនុវត្តជាក់ស្តែង ការធ្វើតេស្តសាកល្បង និងការវាយតម្លៃដោយគ្រូឧទ្ទេស សិក្ខាកាមទាំងអស់ទទួលបាននូវលទ្ធផល ល្អចំនួន ១៣នាក់ ល្អបង្គួរចំនួន ០៧នាក់ និងមធ្យមចំនួន ០៥នាក់។

លោក សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធ បានថ្លែងអំណរអរគុណជូនចំពោះ គ្រូឧទ្ទេស ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការបណ្តុះបណ្តាល ដល់គ្រូបង្វឹក តាមបណ្តាសមាគមកីឡាទូករាជធានី ខេត្ត និងសូមកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ ដែលបានមកចូលរួម រៀនវគ្គ បណ្តុះបណ្តាលនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ធ្វើឲ្យកម្មវិធីនេះប្រព្រឹត្តទៅ ចប់ដោយរលូន និងទទួលបានជោគជ័យ ។

ជាការពិតណាស់វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៥ថ្ងៃ ក៏ពិតមែនប៉ុន្តែបានធ្វើឲ្យសិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពី បច្ចេកទេសថ្មីៗ ក្នុងការបណ្តុះបណ្តាល ដល់កីឡាករ កីឡាការិនី ក្នុងសមាគមរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈសម្បតិ្តប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា ជាពិសេសសម្រាប់ត្រៀម ចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។

ការរៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិឆ្នាំ២០២៥ គឺ បាន ឆ្លុះបញ្ចាំងពីការខិតខំប្រឹង ប្រែងអនុវត្តតួនាទីភារកិច្ច របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ព្រមទាំងគ្រូបង្វឹក ក្នុងការជំរុញពង្រឹង គុណភាពគ្រូបង្វឹកឲ្យកាន់តែមាន ប្រសិទ្ធិភាពខ្ពស់ ក្នុងការបង្ហាត់បង្រៀន តាមបណ្តាសមាគមក្រសួង រាជធានី ខេត្តរបស់ខ្លួន៕
