កីឡា

រដ្ឋមន្ដ្រីក្រសួងអប់រំ ​អញ្ជើញក្នុងពិធីប្រគល់​ប្រាក់រង្វាន់​ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់ម្ចាស់ជ័យលាភី លើឆាតអន្តរជាតិ

ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ អញ្ជើញក្នុងពិធី ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជ័យលាភីដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទទួលបានជ័យលាភី ការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ព្រមទំាងបន្ដខិតខំប្រឹង ប្រែងក្នុងការស្វែង រកជ័យជម្នះ និងលើកមុខមាត់កម្ពុជាលើឆាកអន្ដរជាតិ នៅសាលប្រជុំធំ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានប្រាប់ឲ្យដឹងថា ទំាង១៦ ប្រភេទកីឡា កម្ពុជាទទួលបានមេដាយមាស ៧៩ គ្រឿង ប្រាក់៩៨គ្រឿង សំរឹទ្ធិ១០៨គ្រឿង សរុបចំនួន២៨៥គ្រឿងក្នុងការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ ព្រមទំាងបន្ដខិតខំប្រឹងប្រែងក្នុងការស្វែងរកជ័យជម្នះ និងលើកមុខមាត់កម្ពុជាលើឆាកអន្ដរជាតិ ។ ចំពោះប្រភេទកីឡាចូលរួមប្រកួតទទួលបាន មេដាយខាងលើនេះ កំពុងរៀបចំនីតិវិធីហិរញ្ញវត្ថុស្នើសុំឥណទាន បន្ថែមទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ពេលទទួលបានថវិកា និងស្នើសុំរៀបចំពិធីប្រគល់ប្រាក់រង្វាន់ ជូនដល់ជ័យលាភីនៅពេលក្រោយ ។

សម្រាប់ឆ្នាំ២០២៦ កម្ពុជានឹងបញ្ជូនប្រតិភូចូលរួមប្រកួតកីឡាលក្ខណៈហ្គេមចំនួន៦ រួមមាន៖ កីឡាអាស៊ីឆ្នេរខ្សាច់ហ្គេម នៅប្រទេសចិន កីឡាអាស៊ីហ្គេម នៅប្រទេសជប៉ុន កីឡាយុទ្ធគុនចម្រុះក្នុងសាល នៅប្រទេសអារ៉ាប៊ីសាអូឌីត កីឡាយុវជនអូឡាំពិកហ្គេម នៅប្រទេសសេណេហ្គាល់ កីឡាសាកលវិទ្យាល័យអាស៊ាន នៅប្រទេសម៉ាឡេស៊ី កីឡាសិស្សអាស៊ាន នៅប្រទេសថៃ និងការប្រកួតអន្តរជាតិនានា៕

Most Popular

To Top