ប្លែកៗ
ប្រវត្តិ «ស្ដូបបុរីអូរស្វាយ» ទីតាំងប្រវត្តិសាស្ត្រ មានអាយុកាលជាងកន្លះសតវត្ស ប្រចាំខេត្តស្ទឹងត្រែង
ស្តូបអនុស្សាវរីយ៍បុរីអូរស្វាយ បានក្លាយជាទីទាក់ទាញគួរឱ្យកត់សម្គាល់សម្រាប់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ខណៈទីស្តូបប្រវត្តិសាស្ត្រនេះមានអាយុកាលជិត៦០ឆ្នាំមកហើយ ពោលគឺតាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ។ ដោយសារស្ដូបអនុស្សាវរីយ៍នេះជាទីតាំងប្រវត្តិសាស្ត្រ ទើបមានភ្ញៀវទេសចរជាតិ-អន្តរជាតិតែងចាប់អារម្មណ៍ មកកម្សាន្ត ថតរូប សិក្សាពីប្រវត្តិនៃការកសាង ឯអ្នកខ្លះក៏មកបន់ស្រន់ ព្រោះមានរានព្រះភូមិនៅជិតដើមពោធិ៍ដ៏ធំមួយដើមនៅក្បែរនោះដែរ ពិសេសគឺពេលភ្ញៀវទេសចរឆ្លងកាត់ទៅលេងកម្សាន្តនៅតាមកោះនានា តាមរយៈ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ។ ស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៧ ក្រោមស្នាព្រះហស្ដព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណងការពារបូរណភាពទឹកដីនាភាគខាងជើងជាប់នឹងប្រទេសឡាវ ក្នុងនោះមានមុខ៤បែរមុខទៅកាន់ទិសធំៗទាំង៤...