ប្លែកៗ

ប្រវត្តិ «ស្ដូបបុរីអូរស្វាយ» ទីតាំងប្រវត្តិសាស្ត្រ មានអាយុកាលជាងកន្លះសតវត្ស ប្រចាំខេត្តស្ទឹងត្រែង

ស្តូបអនុស្សាវរីយ៍បុរីអូរស្វាយ បានក្លាយជាទីទាក់ទាញគួរឱ្យកត់សម្គាល់សម្រាប់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ខណៈទីស្តូបប្រវត្តិសាស្ត្រនេះមានអាយុកាលជិត៦០ឆ្នាំមកហើយ ពោលគឺតាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ។

ដោយសារស្ដូបអនុស្សាវរីយ៍នេះជាទីតាំងប្រវត្តិសាស្ត្រ ទើបមានភ្ញៀវទេសចរជាតិ-អន្តរជាតិតែងចាប់អារម្មណ៍ មកកម្សាន្ត ថតរូប សិក្សាពីប្រវត្តិនៃការកសាង ឯអ្នកខ្លះក៏មកបន់ស្រន់ ព្រោះមានរានព្រះភូមិនៅជិតដើមពោធិ៍ដ៏ធំមួយដើមនៅក្បែរនោះដែរ ពិសេសគឺពេលភ្ញៀវទេសចរឆ្លងកាត់ទៅលេងកម្សាន្តនៅតាមកោះនានា តាមរយៈ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ។

ស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៧ ក្រោមស្នាព្រះហស្ដព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណងការពារបូរណភាពទឹកដីនាភាគខាងជើងជាប់នឹងប្រទេសឡាវ ក្នុងនោះមានមុខ៤បែរមុខទៅកាន់ទិសធំៗទាំង៤ រំលេចនូវព្រះឆាយាលក្ខណ៍ក្នុងវេលាដែលព្រះអង្គឡើងគ្រងព្រះបរមសិរីរាជសម្បត្តិលើកទី១ ព្រះរាជសកម្មភាពនៃការបំពេញព្រះរាជបូជនីយកិច្ចកសាងហេដ្ឋារចនាសម្ពន្ធនៅបុរីអូរស្វាយនេះស្រាប់ ព្រះរាជសកម្មភាពកីឡាជាដើម។

ក្នុងពេលនោះ ព្រះបរមរតនកោដ្ឋមានគោលនយោបាយបែងចែកដីធ្លីជូនប្រជាជនដែលស្ម័គ្រចិត្តមករស់នៅលើតំបន់នោះ និងបានបង្កើតជាតំបន់និគមជន ឬទីប្រជុំជនធំមួយហៅថា «បុរីអូរស្វាយ» នេះឯង ក្នុងនោះព្រះអង្គបានរៀបចំកសាងប្រព័ន្ធហេដ្ឋរចនាសម្ពន្ធ ពិសេសគឺបានបង្កើតជា «សួនច្បារ» និងស្ដូបអនុស្សាវរីយ៍នេះផងដែរ។

ផែនទីនគរូបនីយកម្មនៃទីប្រជុំជននោះនៅមាននៅឡើយ ប៉ុន្តែដោយសារប្រទេសកម្ពុជាជួបបញ្ហាសង្គ្រាមចាប់ពីឆ្នាំ១៩៧០ ការកសាងទីប្រជុំជនដ៏សំខាន់នោះក៏ត្រូវអាក់ខាន។ សម័យព្រះបរមរតនកោដ្ឋ សួនច្បារនេះមានទំហំធំនៅមាត់ទន្លេមេគង្គ ប៉ុន្តែដោយសារដីបាក់អស់ខ្លះក៏នៅសល់តូចជាងមុន។

ប្រជាជន និងភ្ញៀវទេសចរពិតជាមានការចាប់អារម្មណ៍ច្រើនចំពោះស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយនេះ ប៉ុន្តែទន្ទឹមនឹងនោះពួកគេក៏ចង់ឱ្យអាជ្ញាធរមូលដ្ឋាន ក្រសួង-ស្ថាប័នពាក់ព័ន្ធជួយរៀបចំកែលម្អបន្ថែមនៅទីតាំងស្ដូបអនុស្សាវរីយ៍ ក៏ដូចជាអតីតសួនច្បារសម័យព្រះបរមរតនកោដ្ឋ ខណៈបច្ចុប្បន្នទីនោះឃើញមានដើមទន្ទ្រានខេត្តដុះជុំវិញ ហើយមានគោក្របីឆ្លងកាត់ រួមទាំងសំរាមផ្លាស្ទិក។

ប៉ុន្តែចំពោះការកែលម្អលើកតម្លៃសោភ័ណភាពបន្ថែមនោះ គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងព្រះបរមរាជវាំង។ នៅឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានមកទស្សនកិច្ចនៅទីនេះ ដោយមានលើកអំពីគម្រោងកែលម្អសោភ័ណភាពសួនច្បារ និងស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយនេះឱ្យកាន់ប្រសើរឡើងផងដែរ ប៉ុន្តែដោយសារបញ្ហាការរាតត្បាតជំងឺកូវីដ១៩ ចាប់ពីពេលនោះមកក៏មិនទាន់អនុវត្តគម្រោងនេះបាន៕ប្រភព៖http://sabay

Most Popular

To Top