Rolls-Royce បានធ្វើតុបតែងរថយន្ត Cullinan ជាមួយនឹងកញ្ចប់ Black Badge ដែលធ្លាប់មាននៅលើម៉ូដែល Dawn, Wraith និង Ghost រួចមកហើយ ដោយវាមានការកែប្រែរូបរាងស្រដៀងគ្នា និងបង្កើនសមត្ថភាពខ្លាំងលើសមុន។

ម៉ាស៊ីន Twin-Turbo ចំណុះ ៦,៧៥ លីត្រ ១២ ស៊ីឡាំងនៅលើ Rolls-Royce Cullinan Black Badge អាចបង្កើតកម្លាំងបាន ៥៩២ សេះ លើសប្រភេទធម្មតា ២៩ សេះ។ វាអាចបង្កើនសន្ទុះពី ០-៩៦ គ.ម/ម៉ ដោយប្រើពេល ៤,៩ វិនាទី ទោះបីជាមានទម្ងន់សរុបដល់ ២ ៧៥៣ គីឡូក្រាម និងមានល្បឿនអតិបរមា២៥០ គ.ម/ម៉។

Rolls-Royce ក៏បានបង្កើនសមត្ថភាពនៃបូម និងហ្វ្រាំង ហើយថែមទាំងដាក់បញ្ចូលបច្ចេកវិទ្យា “Intuitive Throttle” ដែលអាចធ្វើឲ្យការប្ដូរលេខ ៨ វគ្គ ប្រព្រឹត្តទៅយ៉ាងរលូន។ មួយទៀតគឺការបន្ថែមប៊ូតុង “Low” នៅលើប្រអប់លេខ ដែលធ្វើឲ្យសំឡេងបំពង់ស៊ីមាំងកាន់តែជ្រៅ និងធ្ងន់។

និយាយអំពីរូបរាងវិញ Cullinan Black Badge គឺមានរំលេចដោយពណ៌ខ្មៅរលើបរលោងស្ទើរគ្រប់កន្លុកកន្លៀតទៅហើយ ដោយរំលេចនូវឆ្នូតពណ៌លឿង។ សូម្បីតែទេវរូប Spirit of Ecstasy នៅខាងមុខរថយន្តក៏មានពណ៌ខ្មៅដែរ។ ចំណែកផ្នែកខាងក្នុងវិញមានប្រើប្រាស់ពណ៌ខ្មៅជាពណ៌គោល និងរំលេចដោយពណ៌លឿងទាក់ភ្នែក។

Rolls-Royce Cullinan Black Badge ស៊េរីឆ្នាំ ២០២០ គឺមានដាក់លក់ហើយ ដោយមានតម្លៃចាប់ពី ៣៨២ ០០០ ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖Sabay
