បច្ចេកវិទ្យា

ដង​ Selfie ពេញ​និយម​ខ្លាំង តែ​អ្នក​បង្កើត​វា​មិន​បាន​អ្វី​សូម្បី​មួយ​សេន​

ដង​ Selfie សម័យ​ឥឡូវ​កំពុង​តែ​ពេញ​និយម​យ៉ាង​ខ្លាំង​ សម្រាប់​អ្នក​ដែល​និយម​ថត​រូប Selfie គ្នា​ច្រើន នៅ​តាម​សមុទ្រ​ ឬ​កន្លែង​កម្សាន្ត​ប្លែក​ៗ​នានា។ ប៉ុន្តែ​ប្រិយមិត្ត​ដឹង​ទេ​ថា តើ​អ្នក​ដែល​បាន​បង្កើត​ដង Selfie នេះ​ទទួល​បាន​ប្រាក់​ចំណូល​ប៉ុន្មាន?

លោក Hiroshi Ueda
មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​ឱ្យ​ដង​ Selfie លេច​ជា​រូបរាង​និង​ជា​ទី​ពេញ​និយម​សម្រាប់​មនុស្ស​រាប់​សិប​លាន​នាក់​ជុំវិញ​ពិភពលោក គឺ​ជា​ជាង​ថតរូប​ជនជាតិ​ជប៉ុន​ លោក Hiroshi Ueda។ Hiroshi Ueda ជា​អ្នក​ថតរូប​មួយ​រូប ដែល​បាន​ធ្វើ​ការ​ជា​​វិស្វករ​ខាង​កាមេរ៉ា​ឱ្យ​ក្រុមហ៊ុន Minolta ហើយ​នៅ​ក្នុង​ឆ្នាំ ១៩៨៣ លោក​បាន​បង្កើត​ដង​ Selfie ដំបូង​បង្អស់​ក្នុង​លោក​ឈ្មោះ Extender Stick។ លោក​ Hiroshi Ueda និយាយ​ថា​ មូលហេតុ​ដែល​លោក​បង្កើត​ដង​ Selfie នេះ​ឡើង​ គឺ​ដើម្បី​ថតរូប​ជាមួយ​​នឹង​គ្រួសារ​ ក្រោយ​ពេល​លោក​មាន​ការ​លំបាក​ក្នុង​ការ​​រក​អ្នក​ជួយ​ថត​រូប​ឱ្យ​ កាល​ទៅ​លេង​​អ៊ឺរ៉ុប​។

Extender Stick សម្រាប់​ភ្ជាប់​ជាមួយ​នឹង​កាមេរ៉ា​ធន់​តូច​ល្មម ហើយ Hiroshi បាន​បន្ថែម​កូន​កញ្ចក់​តូច​មួយ​ទៅ​លើ​កាមេរ៉ា​ផ្នែក​ខាង​មុខ ដើម្បី​ងាយ​ឆ្លុះ​មើល​មុខ​។ ប៉ុន្តែ​ដោយសារ​តែ​ Extender Stick ពេល​នោះ​ថត​រូប​មិន​សូវ​បាន​ស្អាត ទើប​លោក Hiroshi ​មិន​ទទួល​បាន​ជោគជ័យ។
“មូល​ហេតុ​ចម្បង​នៅ​ពី​ក្រោយ​ការ​​បង្កើត​ដង Extender Stick នេះ គឺ​ថា ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ការ​អ្នក​ណា​​ម្នាក់​មក​ថត​រូប​ឱ្យ​ខ្ញុំ​ទេ…ខ្ញុំ​អាច​ថត​រូប​ខ្លួន​ឯង​ពេល​ណា​ឬ​កន្លែង​ណា​ក៏​បាន​ តាម​តែ​ការ​ចូល​ចិត្ត”។ លោក Hiroshi ប្រាប់​ទៅ​សារព័ត៌​មាន BBC។
ក្រោយ​មក​នៅ​ឆ្នាំ ២០០៣​ Extender Stick ត្រូវ​បាន​​ក្រុមហ៊ុន​មួយ​ចំនួន​អភិវឌ្ឍ​កាន់​តែ​ទំនើប ដោយ​អាច​បំពាក់​ Smartphone បាន​ និង​មាន​ប៊ូតុង​នៅ​នឹង​ចុង​ដង​ ឬ​តេលេ​សម្រាប់​បញ្ជា តែ​ចំពោះ​​លោក Hiroshi Ueda ឯ​ណេះ​វិញ ពុំ​ទទួល​បាន​ប្រយោជន៍​មួយ​កាក់​មួយ​សេន​ឡើយ។

បើ​និយាយ​ពី​​ការ​ថត​រូប​ Selfie ហាក់​ដូច​ជា​មិន​មែន​ជា​គំនិត​អ្វី​ថ្មី​ថ្មោង​នោះ​ទេ ដោយ​មាន​រូប​ថត​កាល​ពី​រាប់​ទសវត្សរ៍​​​មុន​​ បាន​បង្ហាញ​ថា ជាង​ថត​រូប​ប្រើ​ប្រាស់​មធ្យោបាយ​ប្លែក​ៗ​ជា​ច្រើន​​សម្រាប់​ថត​​រូប​ខ្លួន​ឯង​ ដូចជា​​យក​ដង​​​អំបោស​មក​ចុច​លើ​ប៊ូតុង​កាមេរ៉ា​ជា​ដើម។ ចំណែក​ឯ​ដើម​កំណើត​នៃ​ដង Selfie ដែល​បង្កើត​ដោយ​លោក Hiroshi គឺ​ជា​​គំនិត​មួយ​កើត​ឡើង​​ជាង​៣០ឆ្នាំ​មក​ហើយ​ និង​ត្រូវ​បាន​បុរស​ម្នាក់​​នេះ​ ដាក់​ឈ្មោះ​ថា “3am invention”៕

ប្រភព៖Sabay

Most Popular

To Top