បច្ចេកវិទ្យា

ទីផ្សារ 5G របស់ចិនបើកដៃឲ្យក្រុមហ៊ុន Nokia ជាមួយនឹងកិច្ចព្រមព្រៀងទឹកប្រាក់២,២៤ ពាន់លានដុល្លារ

ចិន៖ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ Nokia ហ្វាំងឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង5G មានតម្លៃ២,២៤ពាន់លានដុល្លារ)ក្នុងប្រទេសចិន នេះជាសកម្មភាពមួយដែលក្រុមអ្នកវិភាគបាននិយាយបង្ហាញពីអាកប្បកិរិយាបើកចំហរបស់ប្រទេសចំពោះពាណិជ្ជករអន្តរជាតិទាំងអស់នៅពេលចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាទំនើបយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។


ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីប្រទេសចិនបានចាប់ផ្តើមធ្វើពាណិជ្ជកម្មសេវាកម្ម 5G ជាផ្លូវការកាលពីសប្តាហ៍មុនដោយប្រតិបត្តិករទូរគមនាគមន៍របស់ប្រទេសនេះបានប្រកាសផែនការទិន្នន័យ 5G របស់ពួកគេ។


ក្រុមហ៊ុន Nokia បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការ 5G ជាមួយក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom និងក្រុមហ៊ុន China Telecom ជាក្រុមហ៊ុនដឹកជញ្ជូនរបស់រដ្ឋធំៗចំនួន៣សម្រាប់ឆ្នាំ ២០២០ នៅក្នុងពិព័រណ៍នាំចូលអន្តរជាតិចិនដែលកំពុងបន្តនៅទីក្រុងសៀងហៃ។ រហូតមកដល់ពេលនេះស្ថានីយ៍មូលដ្ឋាន 5G ច្រើនជាង ៨៦.០០០ ស្ថានីយ៍បានដំណើរការសេវាកម្មនៅក្នុងប្រទេសចិន។


លោក Chen Zhaoxiong អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានដែលជានិយតករឧស្សាហកម្មរបស់ប្រទេសចិនបាននិយាយថា ចិនកំពុងខិតខំពង្រីកវិសាលភាពបណ្តាញ 5G ។ នៅដំណាច់ឆ្នាំនេះស្ថានីយ៍ 5G ចំនួនជាង ១៣០,០០០ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ដើម្បីគាំទ្រដល់បណ្តាញនេះ គឺជាការដាក់ពង្រាយមួយក្នុងចំណោមការដាក់ពង្រាយ 5G ធំជាងគេបំផុតនៅលើពិភពលោក៕ដោយ៖លី ភីលីព

Most Popular

To Top