បរទេស៖យន្តហោះចម្បាំង៥គ្រឿងដំបូងក្នុងចំណោមយន្តហោះចម្បាំង Dassault Rafale
ចំនួន៣៦គ្រឿង ដែលកងកម្លាំងទ័ពអាកាសឥណ្ឌាបានកុម្ម៉ង់ទិញនោះ តាមសេចក្តីរាយការណ៍ ត្រូវបានគេបញ្ជូនទៅដល់មូលដ្ឋានទ័ពអាកាស Ambala ប្រទេសឥណ្ឌា កាលពីថ្ងៃពុធម្សិលមិញនេះ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កងទ័ពជើងអាកាសឥណ្ឌាបានប្រកាសថា យន្តហោះដែលផលិតឡើងដោយបារំាងនោះ បានហោះហើរទៅកាន់ទីក្រុងអាប៊ូដាប៊ី និងបន្ទាប់មកបានដល់ប្រទេសឥណ្ឌា។
មន្ត្រីជំនាញបានផ្តល់ការជូនដំណឹងប្រាប់ថា យន្តហោះទាំងនេះ គឺជាផ្នែកនៃការកុម្ម៉ង់ទុកមានទំហំទឹកប្រាក់៩៦៥លានដុល្លារ ដើម្បីធ្វើទំនើបកម្មយោធារបស់ប្រទេសឥណ្ឌា ស្របពេលដែលប្រទេសយក្សអាស៊ីមួយនេះ មានវិវាទជាមួយប្រទេសប៉ាគីស្ថាន នៅភាគខាងលិច និងជាមួយមហាយក្សចិន នៅភាគខាងកើត៕ ប្រែសម្រួល៖ប៉ាង កុង