បច្ចេកវិទ្យា

ព្រឺសម្បុរ! ពេលបានឃើញតម្លៃឡាន Range Rover ២០២០ តួវែង និងបំពាក់អាវក្រោះនេះ

ក្រុមហ៊ុនកែច្នៃរថយន្តដ៏ល្បីឈ្មោះ Klassen បានយករថយន្ត Range Rover SVAutobiography ស៊េរីឆ្នាំ២០២០ មួយគ្រឿង ទៅកែដាក់អាវក្រោះ និងដាក់តួវែងជាងមុន ដែលស័ក្កិសម សម្រាប់មេដឹកនាំកំពូលៗជិះតែម្តង។

គួរឲ្យដឹងថា រថយន្ត Range Rover SVAutobiography ធម្មតា មានតម្លៃចាប់ពីខ្ទង់ ២៤០ ០០០ដុល្លារ នៅក្នុងប្រទេសអាល្លឺម៉ង់។ ដោយឡែក សម្រាប់រថយន្តខាងលើនេះវិញ តួលេខនៃចំនួនលុយឡើងដល់ ៧ខ្ទង់ឯណោះ។

យ៉ាងណាក៏ដោយ បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្ត Range Rover SVAutobiography តួវែង និងមានបំពាក់អាវក្រោះនេះ មានតម្លៃរហូតដល់ទៅ ១,៣លានដុល្លារឯណោះ។ វាគឺជារថយន្តថ្មី ដែលគេយកមកបំពាក់អាវក្រោះការពារជុំវិញរថយន្ត សូម្បីតែកញ្ចក់ក៏ការពារគ្រាប់ដែរ ហើយថែមទាំងកែកុនបូមក្រោម ដើម្បីជួយទប់ទល់នឹងទម្ងន់ដ៏ធ្ងន់បន្ថែមរបស់វា, អាប់ដេតហ្វ្រាំង និង បំពាក់យ៉ាន់ពិសេសទៀតផង។

ជាមួយគ្នានេះ វាក៏មានបំពាក់ប្រព័ន្ធភ្លើងសារ៉ែន, ជញ្ជាំងក្នុងកាប៊ីនចែកដាច់អ្នកបើកបរ និងអ្នកដំណើរខាងក្រោយ, ជញ្ជាំងរថយន្តកាត់សំឡេងបានខ្ពស់, ប្រព័ន្ធកម្សាន្ត, ទូរទឹកកក និង ទ្វារសម្រាប់ចេញពីរថយន្តបន្ទាន់ទៀតផង។

រថយន្តនេះ មានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ Supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៥៥៧សេះឯណោះ៕
ដោយ ៖ sabay

Most Popular

To Top