បរទេស៖ទីភ្នាក់ងារសសហប្រតិបត្តិការសន្តិសុខការពារជាតិ នៅពេលថ្មីនេះ បានប្រកាសថា ក្រសួងការបរទេសអាមេរិក ទើបបានអនុម័តកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់៦០លានដុល្លារ សម្រាប់មជ្ឈមណ្ឌលហ្វឹកហ្វឺនប្រយុទ្ធដែនអាកាសយន្តហោះ F-16 និងសម្ភារៈពាក់ព័ន្ធនានា។
យោងតាមទីភ្នាក់ងារសសហប្រតិបត្តិការសន្តិសុខការពារជាតិ រដ្ឋាភិបាលនៃប្រទេសហ្ស៊កដានី បានស្នើសុំទិញមជ្ឈមណ្ដលហ្វឹកហ្វឺនប្រយុទ្ធដែនអាកាស F-16 និងសម្ភារៈពាក់ព័ន្ធនានា ដេលរួមមានទាំងគ្រូបង្វឹកបេសកកម្មទាំងស្រុង គ្រូបង្វឹកយុទ្ធសាស្ត្រប្រយុទ្ធ ស្ថានីយណែនាំនិងប្រតិបត្តិការ ឧបករណ៍ស្ទង់មើលបរិយាកាសយុទ្ធសាស្ត្រ ព្រមទាំងកាគាំទ្របច្ចេកទេសនិងឯកសារនានា។
សេចក្តីប្រកាសរបស់ទីភ្នាក់ងារសសហប្រតិបត្តិការសន្តិសុខការពារជាតិ បាននិយាយថា “ការលក់ដែលស្នើឡើងនេះ នឹងគាំទ្រដល់គោលនយោបាយបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយធ្វើឲ្យប្រសើរឡើងនូវសន្តិសុខសម្ពន្ធមិត្តមិនមែនណាតូ ដែលជាកម្លាំងដ៏សំខាន់មួយ សម្រាប់ស្ថិរភាពនយោបាយនិងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់មជ្ឈិមបូព៌ា”៕ប្រែសម្រួល៖ប៉ាង កុង