បច្ចេកវិទ្យា

ទីបំផុត BMW ចេញឡាន អគ្គិសនីប្រជែង Tesla សាកម្តងជិះបានជិត ៦០០គ.ម

នៅទីបំផុត ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្តអគ្គិសនី i4 ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ ដែលមានតួខ្លួនជាប្រភេទ Coupe ទ្វារ៤ ដើម្បីប្រជែងនឹង Tesla Model 3។

គ្រាន់តែក្រឡេកឃើញមួយភ្លែត អ្នកក៏អាចដឹងបានដែរថា រថយន្ត BMW i4 ទទួលបានការឌីហ្សាញ និងរូបរាងកាត់តាមម៉ូដែល BMW iX និង BMW 4-Series។

យោងតាមក្រុមហ៊ុន BMW បានឲ្យដឹងថា រថយន្ត i4 នឹងចេញលក់នៅចុងឆ្នាំ ២០២១ នេះ ជាមួយនឹងជម្រើសកម្លាំង និងចម្ងាយបើកបរជាច្រើន ដោយក្នុងនោះប្រភេទខ្លាំងបំផុត គឺ ៥២៣សេះ ហើយអាចបើកបរបានចម្ងាយដល់ ៥៩០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BMW មិនទាន់បានបង្ហាញឲ្យឃើញនូវកាប៊ីនខាងក្នុងរបស់វានៅឡើយទេ ប៉ុន្តែតាមរយៈការឌីហ្សាញរូបរាងខាងក្រៅកាត់តាមម៉ូដែល 4-Series ដូច្នេះគេរំពឹងថាតាប្លូខាងក្នុងក៏ស្រដៀងនឹង 4-Series ដែរ។

យ៉ាងណាមិញ អ្វីដែលពិសេសនោះគឺ វានឹងបំពាក់ប្រព័ន្ធកម្សាន្ត iDrive 8 ដែលទទួលបានការឌីហ្សាញ Interface ថ្មី លើអេក្រង់ Touchscreen ទំហំ ១៤,៩អ៊ីញ និងកុងទ័រជីឌីថលទំហំ ១២,៣អ៊ីញ ទៀតផង៕

Most Popular

To Top