កុមារាម្នាក់មានឈ្មោះថា Yuma Soerianto មកពីប្រទេសអូស្ត្រាលី ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនដោយសារភាពឆ្លាតវៃ របស់គេលើវិស័យបច្ចេកវិទ្យា។
ក្មេងប្រុសវ័យ ១១ ឆ្នាំមុខគួរឲ្យស្រលាញ់រូបនេះ អាចបង្កើតកម្មវិធីជាច្រើន រួមនឹងហ្គេមដាក់ឲ្យទាញយកលើ App Store បានដល់ទៅ ៧ (App) ហើយ។
សរសេរកូដតាំងពីអាយុ ៦ ឆ្នាំ
បោះជំហានសិក្សា ពីការសរសេរកូដតាំងពីអាយុ ៦ ឆ្នាំ ដោយក្មេងប្រុស រស់នៅទីក្រុងស៊ីដនីរូបនេះបានបញ្ជាក់ថា៖ “ពីមុនពេលចេញពីសាលា ទៅដល់ផ្ទះខ្ញុំរមែងមើលទូរទស្សន៍ ប៉ុន្តែខ្ញុំមិនចូលចិត្តមើលការផ្សាយឡើងវិញនោះទេ ដោយភាពធុញទ្រាន់ ខ្ញុំក៏ប្តូរគំនិតមកធ្វើអ្វីផ្សេងក្រៅពីមើលទូរទស្សន៍នេះវិញ”។
តាមប្រភពពី CNET បានឲ្យដឹងទៀតថា ឪពុករបស់ Yuma បានបង្រៀនរូបគេ តាមរយៈហ្គេមអនឡាញនៅលើអ៊ីនធឺណិត ជាមួយនឹងមេរៀន ការបង្កើតគេហទំព័រផ្ទាល់ខ្លួន។ ចាប់តាំងពីពេលនោះមក គេក៏ចេះបង្កើតហ្គេមតូចៗ ដំណើរការលើ Browser ជាមួយនិងការធ្វើប័ណ្ណជូនពរថ្ងៃខួបកំណើត ដល់ថ្នាក់ហៅមិត្តភក្ដិឲ្យមកលេង ដើម្បីឈ្នះចូលវគ្គទទួលពាក្យជូនពរពី Yuma។
ចូលដល់វ័យ ៨ ឆ្នាំ
ឈានចូលដល់វ័យ ៨ ឆ្នាំ កាលពី ២០១៥ ឪពុកបន្ថាត៖ “គាត់រមែងងើបពីដំណេកមុនខ្ញុំនិងប្រពន្ធរបស់ខ្ញុំ ហើយតែងតែឃើញគាត់ មើលមេរៀនដោយខ្លួនឯងរៀងរាល់ព្រឹក នេះជាអ្វីដែលសបង្ហាញពីទំហំចិត្តដែលគាត់ចង់សិក្សាពីកូដ។”
ក្នុងចំណោមកម្មវិធីទាំង ៧ មួយប្រភេទចុងក្រោយនេះ ទាក់ទងនឹងបច្ចេកវិទ្យា AR ដោយចំណាយពេល ៣ ខែ ឲ្យឈ្មោះ Let’s Stack AR ដែលបើកឲ្យអ្នកលេង ចូលរួមបេសកកម្មជួយសង្គ្រោះសត្វទា, បើកយានអវកាស UFO និងរៀបប្លុក។
ឯកម្មវិធីមួយផ្សេងទៀត ឲ្យឈ្មោះ Weather Duck អនុញ្ញាតឲ្យអ្នកមានសត្វទាប្រាប់ថាថ្ងៃនេះគួរស្លៀកពាក់អ្វីសម្រប ទៅនឹងអាកាសធាតុ ហើយកម្មវិធី Hunger Button ដែលផ្តល់យោបល់ពីភោជនីយដ្ឋាន ដែលនៅជិតលោកអ្នកបំផុត ជៀសវាងការសម្រេចចិត្តមិនត្រឹមត្រូវ។
ជាប់អាហារូបករណ៍ ចូលរួមព្រឹត្តិការណ៍ WWDC របស់ក្រុមហ៊ុន Apple
ជាមួយនឹងភាពឆ្លាតវៃរបស់កុមារា Yuma រូបគេក៏ធ្លាប់ទទួលបាន នូវអាហារូបករណ៍ឲ្យចូលរួមព្រឹត្តិការណ៍ WWDC របស់ក្រុមហ៊ុន Apple កាលពីឆ្នាំ ២០១៨ ផងដែរ។ គ្រានោះសូម្បីតែលោកចាប់អារម្មណ៍រូបគេ ព្រោះតូចជាងគេក្នុងចំណោម developer ផ្សេងៗ Yuma ក៏មានឳកាសឡើងធ្វើវាគ្មិន (Speaker) ជាមួយមនុស្សពូកែៗដទៃ ក្នុងពិធីបើកថែមទាំងផង ពិតជាអស្ចារ្យខ្លាំងណាស់។
Yuma បានបន្ថែមថា៖ “ពេលខ្ញុំកំពុងដើរតែម្នាក់ឯង ក្នុងព្រឹត្តិការណ៍ដ៏ធំក៏ស្រាប់តែជួបលោក Tim Cook ជា CEO របស់ Apple ពេលនោះ ខ្ញុំក៏បង្ហាញកម្មវិធីរបស់ខ្ញុំ បានបង្កើតជូនទៅគាត់មើល។”
ឪពុករបស់ Yuma លោក Hendri បាននិយាយថា៖ “ខ្ញុំសង្ឃឹម ១០ ឆ្នាំទៅមុខ គាត់នឹងសម្រេចក្តីស្រមៃក្នុងការផ្លាស់ប្តូរពិភពលោក តាមរយៈបច្ចេកវិទ្យា ប៉ុន្តែពេលនេះ Yuma ត្រឹមវ័យ ១១ ឆ្នាំ ហើយទៅថ្ងៃខាងមុខ គាត់ចង់ក្លាយជាអវកាសយានិក”៕ ប្រភព៖ sabay