បច្ចេកវិទ្យា

ការដេញថ្លៃដើម្បីក្លាយជា អតិថិជនដំបូង លើរ៉ុក្កែត New Shephard របស់ Blue Origin ខិតជិត ៣ លានដុល្លារ ខណៈដេញថ្លៃនៅតែបន្តទៀត

អាមេរិក៖ការដេញថ្លៃដើម្បីក្លាយជាអតិថិជន ដែលបង់ប្រាក់ដំបូងនៅលើយាន អវកាសBlue Origin របស់លោក Jeff Bezos កាលពីខែកក្កដា បានកើនដល់ ២,៨ លានដុល្លារ ហើយនៅតែមានរយៈពេល ៣ សប្តាហ៍ទៀតរហូតដល់ ការបញ្ចប់ដេញថ្លៃហើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុនការដេញថ្លៃខ្ពស់បំផុតគឺ ២,៨ លានដុល្លារ កើនឡើងពី ២,៤ លានដុល្លារកាលពីថ្ងៃពុធ។ អត្តសញ្ញាណរបស់អ្នកដេញថ្លៃខាងលើមិនទាន់ត្រូវបានគេដឹង និងមិនត្រូវបានគេដឹងរហូតដល់ការដេញថ្លៃបានបញ្ឈប់នៅខែក្រោយ។

អ្នកនាំពាក្យក្រុមហ៊ុនបានប្រាប់គេហទំព័រឌៀលីម៉ែលថា មិនមានព័ត៌មានថ្មីៗបន្ថែមទៀតទាក់ទងនឹងចំនួនអ្នកដេញថ្លៃ ឬពួកគេមកពីណាទេ។ គេហទំព័រនេះបានរាយការណ៍ថា ក្រុមហ៊ុន Blue Origin បានឃើញថា មានអ្នកដេញថ្លៃជាង ៥.២០០ នាក់មកពី ១៣៦ ប្រទេស។ការដេញថ្លៃដំណាក់កាលដំបូងដែលត្រូវបានបិទនិងដំណើរការតាមអ៊ិនធរណេត ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ៥ ដល់ថ្ងៃទី ១៩ ខែឧសភា។

ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១០ ខែមិថុនាដែលជាដំណាក់ កាលទី ២ ការដេញថ្លៃនឹងត្រូវធ្វើឡើងដោយមិនមានការបិទផ្សាយ និងតាមអ៊ីនធើណេត សម្រាប់អ្នករាល់គ្នាបានឃើញ។ ការដេញថ្លៃបញ្ចប់នៅថ្ងៃទី ១២ ខែមិថុនាជាមួយនឹងការដេញថ្លៃតាមអ៊ីនធរណេតដោយអ្នកចូលរួមបង្កើនការដេញថ្លៃរបស់ពួកគេត្រឹមថ្ងៃទី ១០ ខែមិថុនាវេលាម៉ោង ៥ ល្ងាច ។ កាលពីដើមខែនេះក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងយកអតិថិជន ដែលមិនបញ្ចេញឈ្មោះទៅគែមអវកាសនៅថ្ងៃទី ២០ ខែកក្កដា។

ក្រុមហ៊ុនបាននិយាយថា ចំនួនទឹកប្រាក់ដេញថ្លៃដែលឈ្នះនឹងត្រូវបាន បរិច្ចាគដល់មូលនិធិBlue Origin’s foundation និង Club for the Future ដើម្បីជំរុញដល់ មនុស្សជំនាន់ក្រោយដើម្បីបន្តអាជីពនៅក្នុងវិទ្យាសាស្រ្តបច្ចេកវិទ្យាSTEM និងវិស្វកម្មគណិតវិទ្យា និងជួយបង្កើតអនាគតនៃជីវិតនៅក្នុងលំហ។ Blue Origin បានដាក់ឈ្មោះកម្មវិធីថ្មីបន្ទាប់ ពីអ្នកអវកាសយានិក Alan Shepard ដែលជាជនជាតិអាមេរិកដំបូងគេបានហោះចូល ទៅក្នុងអវកាសកាលពី ៦០ ឆ្នាំមុន៕

Most Popular

To Top