បរទេស៖ ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិត រថយន្តអគ្គិសនី Li Auto នៅថ្ងៃពុធនេះ បានប្រកាសថា ក្រុមហ៊ុនរបស់លោក បានដាក់គោលដៅថ្មីហើយ ក្នុងការបន្តលក់រថយន្ត រហូតទទួលបានកំណើន ដល់ទៅ ១០ ០០០គ្រឿងក្នុងមួយខែ ចាប់ពីខែកញ្ញាតទៅ។
លោក Shen Yanan បានបន្តទៀតថា មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានដាក់លក់ រថយន្តតែមួយម៉ូដែលប៉ុណ្ណោះ ដែលមានឈ្មោះថា Li ONE ជាប្រភេទរថយន្តស្ពត ហើយក្រុមហ៊ុនសង្ឃឹមថា នឹងអាចទទួលបានកំណើនលក់ទ្វេរដង ខណៈដែលកាលពីខែមេសាកន្លងមក Li ONE អាចលក់បានសរុបប្រមាណជា៥ ៥៣៩គ្រឿង។
លោក Shen បានបន្តទៀតថា ក្រុមហ៊ុនក៏គ្រោង នឹងបង្កើនបណ្តាញលក់របស់ខ្លួន បន្ថែមទៀតផងដែរ ដោយក្នុងនោះក៏មានដូចជា ការបង្កើនក្រុមការងារស្រាវជ្រាវ ទៅក្រៅប្រទេស ខណៈដែលបច្ចុប្បន្ន Li Auto មានហាងនិងការិយាល័យ តំណាងប្រមាណជា ៧៥កន្លែង មកហើយនៅក្នុងទីក្រុងទាំង៥០។
មកដល់ពេលនេះ Li Auto មានតម្លៃទីផ្សារ រហូតទៅដល់១៨ពាន់លានដុល្លារ និងកំពុងប្រកួតប្រជែងយ៉ាងខ្លាំង ក្នុងទីផ្សាររបស់ចិន ជាមួយនឹងក្រុមហ៊ុន Tesla និងក្រុមហ៊ុនក្នុងស្រុកផ្សេងទៀត ដូចជា Nio Inc និង Xpeng Inc ជាដើម៕
ប្រែសម្រួល៖ស៊ុនលី