បច្ចេកវិទ្យា

BYD បើករោងចក្រ ផលិតឡានអគ្គិសនីនៅថៃ ហើយត្រៀមចែកចាយ មកស្រុកខ្មែរ

ក្រុមហ៊ុនចិន BYD នឹងបើករោងចក្រផលិតរថយន្តអគ្គិសនី ជាលើកដំបូងក្នុងប្រទេសថៃ ដើម្បីទន្ទា្រនយកទីផ្សារអាស៊ាន និងអឺរ៉ុប។ បន្ទាប់ពីក្រុមហ៊ុនចិននេះ បានចុះកុងត្រា ជាមួយក្រុមហ៊ុនអចលនទ្រព្យ WHA នៃប្រទេសថៃ និងបន្ទាប់ពីការប្រកាសភាពជាដៃគូ ជាមួយក្រុមហ៊ុនតំណាងចែកចាយ ក្នុងស្រុក Rever Automotive។

រោងចក្រផលិតរថយន្តអគ្គិសនីនេះ នឹងត្រូវសង់លើផ្ទៃដី ៩៦ហិចតា ក្នុងសួនឧស្សាហកម្មរបស់ក្រុមហ៊ុន WHA នៅខេត្ត Rayong ដោយគ្រោងនឹងប្រតិបត្តិការ ចាប់ពីឆ្នាំ២០២៤ ជាមួយសមត្ថភាពផលិត ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ។

គួរកត់សម្គាល់ថា BYD ធ្លាប់បានប្រកាសថា នឹងចាប់ផ្តើមនាំរថយន្តអគ្គិសនីរបស់ខ្លួន ចូលក្នុងទីផ្សារបរទេសដូចជា ដាណឺម៉ាក, អាល្លឺម៉ង់, អ៊ីស្រាអែល, ជប៉ុន និងកម្ពុជា។

លោក Jareeporn Jarukornsalkul ដែលជា CEO របស់ WHA បង្ហាញការជឿជាក់ថា វត្តមានរោងចក្ររបស់ BYD នេះ នឹងជំរុញដល់ការវិនិយោគរថយន្តអគ្គិសនី នាពេលអនាគត។ ក្នុងនោះ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ សម្រាប់រថយន្តអគ្គិសនី នឹងចូលប្រទេសថៃ ជាបន្តបន្ទាប់។

គួររំលឹកថា កាលពីខែមុន ក្រុមប្រឹក្សាវិនិយោគ នៃប្រទេសថៃ បានអនុម័តគម្រោងវិនិយោគ ដែលមានទំហំទឹកប្រាក់ ១៨ពាន់លានបាត របស់ក្រុមហ៊ុន BYD ដើម្បីផលិតរថយន្តអគ្គិសនី និង Plug-in Hybrid នៅក្នុងប្រទេសអាស៊ានមួយនេះ៕ Source: Sabay

Most Popular

To Top