Apple កំពុងប្រកាសជ្រើសរើស ថ្នាក់ដឹកនាំផ្នែកអភិវឌ្ឍន៍អាជីវកម្ម ដែលមាន បទពិសោធន៍ទូទាត់រូបិយបណ្ណឌីជីថល (Cryptocurrency) ក៏ដូចជារកដំណោះស្រាយ ដទៃទៀតក្នុងការទូទាត់ប្រាក់។ នេះបើយោងទៅតាមដំណឹងជ្រើសរើស បុគ្គលិក នៅគេហទំព័រផ្លូវការរបស់ Apple។


ទាំងនេះហាក់បង្ហាញពីចំណាប់អារម្មណ៍របស់ Apple ចំពោះរូបិយប័ណ្ណឌីជីថល ហើយក៏បញ្ជាក់ថា Apple កំពុងត្រៀមខ្លួនជាមុនដើម្បីប្រកួតប្រជែងនឹងដៃគូនាពេលអនាគត បើសិនជាពួកគេប្រើប្រាស់ Crypto ដើម្បីជាមធ្យោបាយផ្សេងៗ។

ដំណឹងនេះផងដែរ នៅក្នុងក្រសែភ្នែករបស់អ្នកវិភាគជាច្រើនបានបានលើកឡើងថា Apple ហាក់ចង់ដើរតាមដានជើងចាស់របស់មហាសេដ្ឋី Elon Musk។ ដោយកាលពីដើមឆ្នាំ នៅចុងខែមករា ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់សេដ្ឋី Elon Musk បានទិញរូបិយបណ្ណឌីជីថល Bitcoin ប្រមាណ ១,៥ពាន់លានដុល្លារ ដើម្បីបម្រើឱ្យការទូទាត់សាច់ប្រាក់ ធ្វើឱ្យពេលនេះតម្លៃទីផ្សារ Bitcoin សម្រុកឡើងថ្លៃឥតឈប់ឈរ។

ប៉ុន្ដែក្រោយមកពួកគេក៏ដកថយទៅវិញ ដោយហេតុផលថា ការជីករកនិងទូទាត់ Bitcoin គឺប៉ះពាល់បរិស្ថាន ត្បិតប្រើប្រាស់ថាមពលអគ្គិសនីយ៉ាងច្រើន។

ទោះយ៉ាងណាក៏ដោយ បើថយក្រោយបន្ដិច កាលពីឆ្នាំ២០១៩ Apple ក៏ធ្លាប់មានកូនចិត្តបង្ហាញចំណាប់អារម្មណ៍នឹងរូបិយបណ្ណឌីជីថលផងដែរ ដោយអនុប្រធានរបស់ Apple Pay លោក Jennifer Bailey បាននិយាយថា Apple កំពុងសម្លឹងទៅកាន់រូបិយបណ្ណឌីជីថល។ ហើយគាត់ក៏បានពន្យល់បន្ថែមថា ពួកយើងគិតថាវាគួរឱ្យចាប់អារម្មណ៍ និងមានសក្តានុពលក្នុងរយៈពេលវែងឆ្ងាយទៀត៕
ប្រភព៖ sabay
