រថយន្តក្រុងសាធារណៈ អាចដំណើរការលើដងផ្លូវ ដោយបើកស្វ័យប្រវត្តិ ទើបនឹងប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅចក្រភពអង់គ្លេស។
ឡានក្រុងដែលមានរាងរៅឌីហ្សាញ មកដូចមនុស្សយន្តនេះ អាចដឹកមនុស្សបាន ១០ នាក់។ វាដំណើរការដោយ ថាមពលអគ្គិសនីសុទ្ធសាធ កម្លាំងរត់បានល្បឿនលឿនបំផុត ៣២ គីឡូម៉ែត្រ ក្នុងមួយម៉ោង ពេលសាកពេញរត់បាន ឆ្ងាយបំផុត ១៦០ គីឡូម៉ែត្រ។
គម្រោងសាកល្បងយានយន្ត បើកស្វ័យប្រវត្តិ បានធ្វើតេស្តច្រើនជាង ៥ ឆ្នាំមកហើយទើបនឹងលេចចេញ ជារូបរាងផ្លូវការ។ យ៉ាងណាក្តី វាមិនទាន់ពេញលេញ ១០០% នៅត្រូវការតេស្តបន្ថែមទៀត។
ទម្រាំតែអាចសម្រេចបានស្នាដៃដ៏ថ្មីសន្លាងបែបនេះ គេបានប្រើប្រាស់បច្ចេកវិទ្យាចំនួនបីសហការរួមគ្នាដូចជា៖ AWS Wavelength របស់ក្រុមហ៊ុន Amazon ,បច្ចេកវិទ្យា 5G Vodafone របស់ក្រុមហ៊ុនទូរទគមនាគមន៍ចល័ត និង MEC technologies ជាបច្ចេកវិទ្យាបង្កើត ដោយអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Cambridge ដើម្បីធ្វើយ៉ាងណាឲ្យរថយន្តនេះអាចដំណើរការ បានដោយរលូនក្រោមពាក្យ ស្លោកបីម៉ាត់គឺ «real time, safe និង secure»។
បច្ចុប្បន្ន Aurrigo ដែលជាក្រុមហ៊ុនឯកទេស ផ្នែកផលិតបច្ចេកវិទ្យា យានយន្តស្វ័យប្រវត្តិ បានដាក់ឲ្យវារត់នៅផ្លូវបីខ្សែ និងនៅជុំវិញបរិវេណសាកលវិទ្យាល័យលំដាប់ពិភពលោក ដ៏ល្បីល្បាញគឺ Cambridge សម្រាប់បម្រើការជូនសាធារណជន និងនិស្សិត ២៤ ម៉ោងក្នុងមួយសប្ដាហ៍ ហើយក៏ដឹកបានមនុស្សច្រើនជាង ១០០ នាក់រួចមកហើយប្រកបដោយសុវត្ថិភាព ចាប់តាំងពីដើមខែមិថុនាឆ្នាំ ២០២១ មកម្ល៉េះ៕