ថ្មីៗនេះ រថយន្ត Rolls-Royce Ghost ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួននៅលើទឹកដី ប្រទេសកម្ពុជា ជាផ្លូវការ ដោយត្រូវបាននាំចូល តាមរយៈក្រុមហ៊ុនផ្លូវការ ក៏ដូចជាហាងលក់ រថយន្តឯកជនផងដែរ ។ ចំពោះរថយន្ត Ghost ថ្មីនេះគឺទទួលបានការ ឌីហ្សាញថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងកាប៊ីនខាងក្នុង មើលទៅរឹតតែទាក់ទាញ ព្រមទាំងបំពាក់មុខងារថ្មី ជាច្រើនថែមទៀតផង។


ដោយឡែក តាមរយៈការឲ្យដឹងពីក្រុមហ៊ុន Rolls-Royce បានឲ្យដឹងថា ថ្វីបើ Ghost ឆ្នាំ២០២១ ត្រូវបានឌីហ្សាញឡើងវិញទាំងស្រុងមែន (All-new) ប៉ុន្តែមានរបស់ ២យ៉ាង មិនត្រូវបានផ្លាស់ប្តូរឡើយ ពោលគឺរក្សានៅដដែល ដោយទី១ គឺ ទេវរូប Spirit of Ecstasy និងទី២ គឺ ឆ័ត្រ ដែលគេលាក់នៅក្នុងទ្វាររថយន្តតែម្តង ។


គួរឲ្យដឹងថា Rolls-Royce Ghost ថ្មី បានប្រើគ្រោងឆ្អឹង Flexible Aluminum Architecture ថ្មីដូចរថយន្ត Phantom និង Cullinan ដែរ។ វាបំពាក់ម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbocharged V12 មានកម្លាំង ៥៦៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ZF ប៉ុងពីរ AWD និង ប្រព័ន្ធបង្វិលចង្កូតរេកង់ទាំង៤ All-Wheel Steering ផងដែរ។

បើប្រៀបធៀបទៅនឹងស៊េរីចាស់ រថយន្ត Ghost ថ្មីមានប្រវែងវែងជាងមុន ៨៩មីល្លីម៉ែត្រ (សរុប ៥,៥ម៉ែត្រ) និង ទទឹងធំជាងមុន ៣០មីល្លីម៉ែត្រ (សរុប ១,៩ម៉ែត្រ) ដែលជួយឲ្យកាប៊ីនខាងក្នុងរបស់វា កាន់តែធំទូលាយជាងមុន ។ ចំពោះតម្លៃរបស់រថយន្ត Rolls-Royce Ghost ឆ្នាំ២០២១ នេះវិញគឺចាប់ពី ៣៣២ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ៕


