ថ្មីៗនេះ រថយន្ត Rolls-Royce Ghost ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួន នៅលើទឹកដីប្រទេសកម្ពុជា ជាផ្លូវការ ដោយវាទទួលបានការ ឌីហ្សាញថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងកាប៊ីនខាងក្នុង មើលទៅរឹតតែទាក់ទាញ ព្រមទាំងបំពាក់មុខងារថ្មី ជាច្រើនថែមទៀតផង។

បើយោងតាមប្រភពពីហាងលក់រថយន្តប្រណីត Kimsrun Premium Auto ស្ថិតក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្ត Rolls-Royce Ghost ស៊េរីឆ្នាំ២០២១ ដែលកំពុងដាក់លក់នោះ មានតម្លៃខ្ទង់ ៨០ម៉ឺនដុល្លារ។

គួរឲ្យដឹងថា Rolls-Royce Ghost ថ្មី បានប្រើគ្រោងឆ្អឹង Flexible Aluminum Architecture ថ្មីដូចរថយន្ត Phantom និង Cullinan ដែរ។ វាបំពាក់ម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbocharged V12 មានកម្លាំង ៥៦៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ZF ប៉ុងពីរ AWD និង ប្រព័ន្ធបង្វិលចង្កូតរេកង់ទាំង៤ All-Wheel Steering ផងដែរ។

បើប្រៀបធៀបទៅនឹងស៊េរីចាស់ រថយន្ត Ghost ថ្មីមានប្រវែងវែងជាងមុន ៨៩មីល្លីម៉ែត្រ (សរុប ៥,៥ម៉ែត្រ) និង ទទឹងធំជាងមុន ៣០មីល្លីម៉ែត្រ (សរុប ១,៩ម៉ែត្រ) ដែលជួយឲ្យកាប៊ីនខាងក្នុងរបស់វា កាន់តែធំទូលាយជាងមុន ។

តាមរយៈការឲ្យដឹង ពីក្រុមហ៊ុន Rolls-Royce បានឲ្យដឹងថា ថ្វីបើ Ghost ឆ្នាំ២០២១ ត្រូវបានឌីហ្សាញឡើងវិញទាំងស្រុងមែន (All-new) ប៉ុន្តែមានរបស់ ២យ៉ាង មិនត្រូវបានផ្លាស់ប្តូរឡើយ ពោលគឺ រក្សានៅដដែល ដោយទី១ គឺ ទេវរូប Spirit of Ecstasy និងទី២ គឺ ឆ័ត្រ ដែលគេលាក់ នៅក្នុងទ្វាររថយន្តតែម្តង ៕


