បច្ចេកវិទ្យា

ទិន្នផលសកលរបស់ Toyota ធ្លាក់ចុះ៣៩ភាគរយ កាលខែកញ្ញា ចំពេលមាន វិបត្តិការផ្គត់ផ្គង់

NAGOYA ៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ទិន្នផលសកល របស់ខ្លួនបានធ្លាក់ចុះ ៣៩,១ភាគរយ នាខែកញ្ញាពីឆ្នាំមុនមកត្រឹម ៥១២,៧៦៥ គ្រឿង ដែលរងផលប៉ះពាល់ ដោយការរំខាន នៃខ្សែសង្វាក់ផ្គត់ផ្គង់ នៅតំបន់អាស៊ីអាគ្នេយ៍ ចំពេលមាន ការផ្ទុះឡើងនៃមេរោគឆ្លង និងកង្វះខាតវត្ថុធាតុដើម យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ទិន្នផលដែលទាបជាងផែនការ ដំបូងរបស់រថយន្ត ៩០០,០០០គ្រឿង បានធ្លាក់ចុះក្នុងរយៈពេល ២ខែជាប់ៗគ្នា ។ ប៉ុន្តែក្រុមហ៊ុនផលិត រថយន្តដែលលក់ដាច់បំផុត លើពិភពលោករំពឹងថា នឹងផលិតបានកម្រិតខ្ពស់បំផុតពី ៨៥០,០០០ ទៅ ៩០០,០០០ គ្រឿងក្នុងខែវិច្ឆិកា ចំពេលមានការបន្ធូរបន្ថយការ រឹតបន្តឹងមេរោគ COVID-19 នៅតំបន់អាស៊ីអាគ្នេយ៍ ។

Toyota បានប្តថា ដោយឆ្លុះបញ្ចាំងពីផលប៉ះពាល់ នៃការកាត់បន្ថយផលិតកម្ម ការលក់ជាសាកល របស់ខ្លួនកាល ខែកញ្ញាបានធ្លាក់ចុះ ១៦,៤ ភាគរយមក នៅត្រឹម ៧០០,១២២ គ្រឿង ដែលធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល១៣ ខែ ។ ក្រុមហ៊ុនផលិតរថយន្ត បានកាត់បន្ថយទស្សនវិស័យ ទិន្នផលរបស់ខ្លួន សម្រាប់ សារពើពន្ធឆ្នាំ២០២១ រហូតដល់ខែមីនាខាងមុខ ដល់៩លានគ្រឿងដោយធ្លាក់ចុះ ៣០០,០០០គ្រឿងពីផែនការដំបូងរបស់ខ្លួន។ ក្នុងឆ្នាំសារពើពន្ធ ២០២០ទិន្នផលសកល មានប្រហែល ៨,១៨ លានគ្រឿង ។

មន្ត្រីក្រុមហ៊ុន Toyota បាននិយាយថា ទោះបីជាការឆ្លង មេរោគ COVID-19 និងស្ថានភាពផ្គត់ផ្គង់គ្រឿង បន្លាស់នៅតែមិនប្រាកដប្រជាក៏ដោយ យើងនឹងខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយផល ប៉ះពាល់ ឲ្យបានច្រើនបំផុតតាម ដែលអាចធ្វើទៅបាន ។ ក្រុមហ៊ុន Toyota ត្រូវបានគេស្គាល់ ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់ ដ៏រឹងមាំរបស់ខ្លួន ប៉ុន្តែ ការបិទរោងចក្រ នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដូចជាម៉ាឡេស៊ី និងវៀតណាមបានបង្កការ លំបាកក្នុងការធានា គ្រឿងបន្លាស់គ្រប់គ្រាន់ ៕ ដោយ៖លី ភីលីព

Most Popular

To Top