បច្ចេកវិទ្យា

ផ្កាយរណប ​ជួយសម្រេចគោលដៅ សំខាន់ៗជាច្រើន​ របស់អង្គការសហប្រជាជាតិ

ចិន៖ នេះបើតាមក្រុមហ៊ុន China Aerospace Science and Technology Corp ឬ CASC ដែលជាក្រុមហ៊ុនម៉ៅការអវកាស ឈានមុខគេរបស់ប្រទេសថា ប្រទេសចិនបានបាញ់បង្ហោះ ផ្កាយរណបវិទ្យាសាស្ត្រ កាលពីព្រឹកថ្ងៃសុក្រ ដើម្បីជួយសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ក្រុមហ៊ុនរដ្ឋបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា គ្រាប់រ៉ុក្កែត Long March 6 បានបាញ់បង្ហោះនៅម៉ោង ១០:១៩ ព្រឹក ពីមជ្ឈមណ្ឌលបាញ់បង្ហោះ ផ្កាយរណប Taiyuan នៅខេត្ត Shanxi ហើយក្រោយមក បានដាក់ផ្កាយរណប Wide-Eye Geoscience Satellite ទៅក្នុងគន្លងដែលបាន កំណត់ជាមុនរបស់វា។

យោងតាមបណ្ឌិតសភាថា ផ្កាយរណបនេះត្រូវបានរចនា និងសាងសង់ដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន មានភារកិច្ចធ្វើការស្ទង់មតិ លើលំហអាកាសយ៉ាងជាក់លាក់ អំពីការប្រើប្រាស់ប្រេងឥន្ធនៈ ការសាងសង់ទីក្រុង និងបរិស្ថានឆ្នេរសមុទ្រ នៅក្នុងតំបន់ដែលមានប្រជាជនច្រើន ដើម្បីផ្តល់ការគាំទ្រទិន្នន័យ ដល់ការស្រាវជ្រាវអន្តរកម្ម រវាងមនុស្ស និងធម្មជាតិ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

វាគឺជាផ្កាយរណបដំបូងគេរបស់ពិភពលោក ដែលឧទ្ទិសដល់ការបម្រើរបៀបវារៈ របស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
ការអភិវឌ្ឍន៍របស់យានអវកាសនេះ ត្រូវបានឧបត្ថម្ភដោយ កម្មវិធីវិស្វកម្មវិទ្យាសាស្ត្រ ទិន្នន័យផែនដីធំរបស់សាលា និងជាកម្មវិធីដំបូងដែលដំណើរការ ដោយមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ នៃទិន្នន័យធំសម្រាប់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព៕ ដោយ៖លី ភីលីព

Most Popular

To Top