បរទេស៖ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានធ្វើតេស្តបានយ៉ាងជោគជ័យ នូវមីស៊ីលវាយប្រហារលឿនជាងសម្លេង Zircon ស្របពេលដែលមហាអំណាចពិភពលោក ប្រកួតប្រជែងគ្នាធ្វើការអភិវឌ្ឍផលិត សព្វាវុធទំនើបៗ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS។
ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក ប្រទេសបារាំងនិងប្រទេសចិន ទាំងអស់សុទ្ធតែបាននិងកំពុង ធ្វើការតេស្តពិសោធន៍ប្រព័ន្ធអាវុធដែលមានសមត្ថភាពហោះលឿនជាងសម្លេងយ៉ាងតិច៥ដង។
ជាផ្នែកនៃការបញ្ចប់ការតេស្តសាកល្បងអាវុធមីស៊ីលលឿន ជាងសម្លេងរបស់ប្រទេសរុស្ស៊ី នាវាចម្បាំង Admiral Gorshkov បានបាញ់មីស៊ីល Zircon មួយគ្រាប់ ចំគោលដៅនៅក្នុងសមុទ្រ ក្នុងរយៈចម្ងាយ៤០០គីឡូម៉ែត្រ នេះបើតាមសម្តីរបស់ក្រសួងការពារជាតិរុស្ស៊ីប្រាប់ឲ្យដឹង។
គួរបញ្ជាក់ថា មីស៊ីលនេះបានឆ្លងកាត់ការធ្វើតេស្តសាកល្បងថ្មីៗ នេះជាច្រើនដង ដោយប្រទេសរុស្ស៊ីមានផែនការបំពាក់មីស៊ីលលឿនជាងសម្លេង Zircon នេះជាមួយនាវាចម្បាំងនិងនាវាមុជទឹក។ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការអួតពីការអភិវឌ្ឍអាវុធជាច្រើន ដែលមានសមត្ថភាពអាចគេចពីប្រព័ន្ធការពារដែលមានក្នុងពេល បច្ចុប្បន្ន រួមមានទាំងមីស៊ីលវាយប្រហារឆ្លងទ្វីប Sarmat និងមីស៊ីល Burevestnik៕ប្រែសម្រួល៖ប៉ាង កុង