ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តវ៉ែនថ្មី គឺម៉ូដែល Probox ឆ្នាំ២០២២ ដែលមានតម្លៃធូរថ្លៃ ប៉ុន្តែបំពាក់នូវប្រព័ន្ធ សុវត្ថិភាពទំនើបៗ។
ការឌីហ្សាញរថយន្តនេះ គឺមានរាងសាមញ្ញបែបបុរាណ ប៉ុន្តែវាបានជួយឱ្យផ្នែកខាងក្នុងធំទូលាយ ។ វាពុំមានប្រព័ន្ធកម្សាន្ត Touchscreen ដូចរថយន្តនានាដែលផលិត ក្នុងពេលបច្ចុប្បន្ននេះទេ ហើយដៃចង្កូតក៏គ្មានប៊ូតុង ចុចបញ្ជាអ្វីដែរ ប៉ុន្តែមាន phone stand សម្រាប់ដាក់ទូរសព្ទ ដោយមិនចាំបាច់ដំឡើងក្រៅ ងាយស្រួលដល់អ្នកបើកបរ ដែលប្រើទូរសព្ទច្រើន ។
ម៉ាស៊ីនរបស់ Toyota Probox មានជម្រើស៣ដូចជា៖
-ម៉ាស៊ីនសាំងស៊ីឡាំង៤ ចំណុះ ១,៣លីត្រ ផលិតបានកម្លាំង ៩៥សេះ ការប្រើប្រាស់សាំងគឺ ១៦,៦គីឡូម៉ែត្រក្នុង១លីត្រ។
-ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ១០៩សេះ រត់ប៉ុង២។
-ម៉ាស៊ីនសាំង Hybrid ចំណុះ ១,៥លីត្រ ផលិតបានកម្លាំង ៧៤សេះ បន្ថែមដោយម៉ូទ័រអគ្គិសនីមួយមានកម្លាំង ៦១សេះ។
ជម្រើសទាំង៣ខាងលើ ប្រើប្រអប់លេខអូតូ CVT ទាំងអស់។
ទោះបីជាការឌីហ្សាញបែបចាស់ និងគ្មានបំពាក់ឧបករណ៍ ទំនើបក្នុងរថយន្តនេះក្តី ប៉ុន្តែវាមានប្រព័ន្ធសុវត្ថិភាពដែលជាចំណុចទាក់ទាញផងដែរ ដូចជា ប្រព័ន្ធឱ្យសញ្ញាការពារមុនពេលប៉ះគ្នា, ប្រព័ន្ធឱ្យសញ្ញាពេល រថយន្តចេញពីគន្លង, ប្រព័ន្ធបំភ្លឺផ្លូវបានឆ្ងាយស្វ័យប្រវត្តិ, ប្រព័ន្ធគ្រប់គ្រងលំនឹង VSC និងប្រព័ន្ធហ្វ្រាំង ABS EBD និង BA ជាដើម ។
រថយន្ត Toyota Probox ឆ្នាំ២០២២ ត្រូវបានដាក់លក់ក្នុងប្រទេសជប៉ុន ក្នុងតម្លៃចាប់ពី ១៣ ០០០ដុល្លារ៕