បរទេស៖ យោងតាមសារព័ត៌មាន South China Morning Post គឺថា អគារមានទីតាំងនៅខេត្ត Jiangsu នឹងដើរតួយ៉ាងសំខាន់ ក្នុងការស្រាវជ្រាវ ទៅលើព្រះច័ន្ទ ខណៈដែលប្រទេសចិន គ្រោងនឹងចុះចតអវកាសយានិករបស់ខ្លួន នៅលើផ្កាយរណបរបស់ផែនដី នៅឆ្នាំ 2030 និងបង្កើតមូលដ្ឋាន នៅទីនោះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រចិន បានបង្កើតព្រះច័ន្ទសិប្បនិម្មិត ដែលនឹងធ្វើឱ្យវាអាចធ្វើការពិសោធន៍ ក្នុងទំនាញផែនដីទាប។ យោងតាមក្រុមអ្នកស្រាវជ្រាវ ការបង្កើតរបស់ពួកគេ គឺជាប្រភេទរបស់ខ្លួនដំបូងគេ នៅក្នុងពិភពលោក ហើយត្រូវបានរចនាឡើង ដើម្បីឱ្យវាអាចធ្វើឱ្យទំនាញផែនដី “រលាយបាត់”។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេត្រូវបានបំផុសគំនិត ដោយការពិសោធន៍មួយ ដែលធ្វើឡើងដោយរូបវិទូជនជាតិរុស្សី-ហូឡង់-អង់គ្លេស Andre Geim ដែលបានប្រើមេដែក ដើម្បីសាកល្បងទៅលើកង្កែប។
អ្នកបង្កើតរបស់វានិយាយ ការធ្វើត្រាប់តាមទំនាញផែនដីទាប តម្រូវឱ្យហោះហើរក្នុងយន្តហោះ និងសាកល្បងនៅនាទីចុងក្រោយ ដោយព្រះច័ន្ទសិប្បនិម្មិតនេះ អាចក្លែងធ្វើទំនាញទាប “បានយូរតាមដែលអ្នកចង់បាន”។
អ្នកវិទ្យាសាស្ត្រចិនឥឡូវនេះ គ្រោងនឹងធ្វើការសាកល្បង ឧបករណ៍នៅលើផែនដី មុនពេលវានឹងត្រូវបញ្ជូនទៅឋានព្រះច័ន្ទ ដែលជាកន្លែងទំនាញប្រហែលមួយភាគប្រាំមួយ នៅលើភពផែនដីរបស់យើង៕ ប្រែសម្រួលៈ ណៃ តុលា
