ក្រុមហ៊ុន Toyota នៅប្រទេសជប៉ុន បានប្រកាសថា អតិថិជនដែលបានកុម្មង់រថយន្ត Land Cruiser 2022 ត្រូវរង់ចាំ ៤ឆ្នាំទៀត ទើបទទួលបានរថយន្តប្រើប្រាស់។
ដំបូងឡើយ Toyota បញ្ជាក់ថា អ្នកកុម្មង់រថយន្តនេះ ត្រូវរង់ចាំត្រឹម ១២ខែប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុនចេញសេចក្តីប្រកាសមួយទៀត ឱ្យដឹងថា អ្នកដែលកុម្មង់រួចហើយ ត្រូវរង់ចាំដល់ ៤ឆ្នាំឯណោះ ព្រោះសមត្ថភាពនៃការផលិត មិនគ្រប់ទាន់តម្រូវការ។
កំពូលរថយន្ត SUV របស់ Toyota នេះ គឺទទួលបានការពេញនិយមមិនថា នៅទីផ្សារជប៉ុននោះទេ ពោលគឺនៅគ្រប់ទីផ្សារបរទេស។ ការបញ្ជាទិញ Land Cruiser បានផ្ទុះឡើងខ្លាំង បន្ទាប់ពីក្រុមហ៊ុនបាន ចេញវិធានការទប់ស្កាត់ មិនឱ្យអតិថិជនលក់រថយន្តនេះបន្តទៅអ្នកដទៃ ក្នុងរយៈពេល១២ខែ ដើម្បីចៀសវាងកុំឱ្យតម្លៃរថយន្ត ឡើងថ្លៃហួសហេតុ ក្នុងនោះបង្ការកុំឱ្យធ្លាក់ដល់ដៃ ភេរវជនក្នុងប្រទេសមួយចំនួន។
Toyota Land Cruiser 2022 ត្រូវបានបង្ហាញជាផ្លូវការកាលពីខែមិថុនា ឆ្នាំ២០២១ ដែលជាប្រភេទរថយន្តផ្តោតលើភាពធុនរឹងមាំ និងសមត្ថភាព off-road។ វាមានជម្រើសម៉ាស៊ីនសាំង twin-turbo V6 ចំណុះ ៣,៥លីត្រ ផលិតបានកម្លាំង ៤១៥សេះ និងម៉ាស៊ីនម៉ាស៊ូត twin-turbo V6 ចំណុះ ៣,៣លីត្រ ផលិតបានកម្លាំង ៣០៩សេះ ដំណើរការជាមួយប្រអប់លេខអូតូ ១០វគ្គដូចគ្នា ៕
ប្រភព៖ Sabay