នៅទីបំផុត ក្រុមហ៊ុន Ford បានបញ្ចេញកំពូលរថយន្ត SUV បែប Off-road ថ្មីមួយទៀតរបស់ខ្លួនគឺម៉ូដែល Bronco Raptor ឆ្នាំ២០២២ ដែលវាមានកម្លាំងម៉ាស៊ីនខ្លាំងជាងមុន ហើយមានរូបរាងដ៏មានអំណាច។

រថយន្ត Bronco Raptor នេះ ប្រើម៉ាស៊ីន Twin-Turbo EcoBoost V6 ចំណុះ ៣លីត្រ ផលិតបានកម្លាំង ៤០០សេះ និងកម្លាំងរមួល ៥៦៣ញ៉ូតុនម៉ែត្រ ជាមួយប្រអប់លេខ១០វគ្គ។ ម៉ាស៊ីនរបស់វា ទទួលបានការកែប្រែថ្មីនូវប្រព័ន្ធអាំងឌុចស្យុង និងប្រព័ន្ធបូម ហើយបង្កើនកម្ពស់ពីដីទៅបាតរថយន្ត ដើម្បីឱ្យវាដំណើរការកាន់តែរលូនលើផ្លូវ Off-road ពិសេសបើកបរជ្រែកខ្សាច់។

លើសពីនេះ រថយន្តខាងលើមានទទឹងធំជាងមុនដល់ទៅ ២៥០មម ទៀតផង ពោលគឺវាមានប្រវែង ២៩៦០មម ទទឹង ២២១០មម និងកម្ពស់ ១៩៨០មម។

រូបរាងរបស់រថយន្ត Bronco Raptor 2022 ត្រូវបានឌីហ្សាញដោយបន្ថែមនូវអំពូល daytime running និងបន្ទះការពារកាងមុខ។ វាមានជម្រើសពណ៌ទឹកក្រូចសម្រាប់រូបរាងខាងក្រៅ ឯខាងក្នុងក៏មានពណ៌ឆ្នូតហាយឡាយទឹកក្រូចផងដែរ។ វាបំពាក់កុងទ័រឌីជីថលទំហំ ១២អ៊ីញ ហើយដៃចង្កូតក៏ក្រាស់ឃ្មឹកជាងមុន ឯពូកស្បែករំលេចដោយអក្សរ RAPTOR។
គេរំពឹងថា Ford នឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតអំពីរថយន្ត SUV Off-road នេះ នាពេលខាងមុខឆាប់ៗ។ ចំណែកតម្លៃរបស់វា នឹងចាប់ផ្តើមពីចំនួន ៦៩ ៩៩៥ដុល្លារឡើងទៅ៕

