បច្ចេកវិទ្យា

អ្នកទិញលក់ NFT លើផ្សារដ៏ល្បីOpenSea ខាតលុយរាប់សែនដុល្លារ ព្រោះតែbug codeមួយ

កំហុស bug code លើ OpenSea ដែលជាទីផ្សារ NFT ដ៏ល្បី បណ្ដាលឱ្យ Hacker អាចទិញ NFT ដ៏កម្រក្នុងតម្លៃទាបជាងទីផ្សារ កេងប្រវ័ញផលចំណេញ បានប្រាក់រាប់រយពាន់ដុល្លារ ។

ជាក់ស្ដែង NFT រូបស្វាមួយ ពី Bored Ape Yacht Club មានលេខកូដ #9991 ត្រូវបាន Hacker ប្រើបច្ចេកទេសទិញ ក្នុងតម្លៃទាបត្រឹម ០,៧៧ ETH (លុយគ្រីបតូ Ethereum) ឬស្មើនឹង ១៧៦០ដុល្លារ និងបានដាក់លក់វិញ យ៉ាងរហ័ស ក្នុងតម្លៃខ្ពស់ដល់ទៅ ៨៤,២ ETH ឬស្មើនឹង ១៩២៤០០ដុល្លារ ដែលធ្វើឱ្យគេចំណេញលុយ ១៩ម៉ឺនដុល្លារ យ៉ាងលឿន ។

គួរបញ្ជាក់ថា អាសយដ្ឋាន Ethereum ដែលភ្ជាប់ទៅអ្នកលក់ដែលជា Hacker គេឃើញមានទឹកប្រាក់ក្នុងគណនី ប្រមាណ ៤០០ETH ឬស្មើនឹង ៩០ម៉ឺនដុល្លារ ត្រូវបានទូទាត់ពីទីផ្សារ OpenSea ក្នុងរយៈពេល ១២ម៉ោង។

យោងតាមសារមួយលើ Twitter ពីអ្នកអភិវឌ្ឍកម្មវិធី Rotem Yakir បានលើកឡើងថា បញ្ហា bug នេះ បណ្ដាលមកពី ព័ត៌មាន NFT smart contracts ដែលសម្រាប់ទទួលការផ្ទេរកម្មសិទ្ធឌីជីថល NFT គឺមិនត្រូវគ្នាជាមួយនឹង ព័ត៌មាន ដែលទីផ្សារ OpenSea បានបង្ហាញទៅកាន់អ្នកប្រើប្រាស់ ដែលជាចំណុច Hacker អាចជ្រៀតកេងយកចំណេញបាន ។

គួរបញ្ជាក់ថា code bug នេះត្រូវបានរកឃើញនៅដើម ខែធ្នូ ឆ្នាំ២០២១ នេះបើយោងតាម CoinDesk។ យ៉ាងណា មិនច្បាស់ទេថាតើ OpenSea កំពុងចាត់ទុកស្ថានភាពនេះថាជា កំហុសផ្នែកសុវត្ថិភាពរបស់ខ្លួន ឬមកពីអ្នកប្រើ ខណៈក្រុមហ៊ុនមិនបានឆ្លើយតប នឹងសំណើសុំការអត្ថាធិប្បាយ ពេលចុះផ្សាយពី សារព័ត៌មាន The Verge នោះទេ ៕

Most Popular

To Top