ក្នុងពិព័រណ៌រថយន្ត Chicago Auto Show កន្លងទៅ ក្រុមហ៊ុន Toyota បានដាក់បង្ហាញរថយន្តថ្មីៗរបស់ខ្លួន ដូចជា Sequoia, Tundra និងរថយន្តអគ្គិសនី bZ4X ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺជាគំរូរថយន្តអគ្គិសនីបែបអនាគតដែលមានរូបរាងទំនើបប្លែក ដោយវាគឺម៉ូដែល Rhombus។

Toyota Rhombus ធ្លាប់ត្រូវបានបង្ហាញម្តងរួចមកហើយក្នុងពិព័រណ៌រថយន្តមួយកាលពីឆ្នាំ២០១៩ ហើយក្រោយមកទៀតក៏ស្ងាត់ឈឹងរហូតមកដល់ពេលនេះទើប Toyota បញ្ចេញរូបរាងជាថ្មី។ វាត្រូវបានបង្កើតឡើងដោយស្ថាប័នស្រាវជ្រាវ TMEC របស់ Toyota ដែលមានមូលដ្ឋានក្នុងប្រទេសចិន។
ពាក្យស្លោកសម្រាប់រថយន្តអគ្គិសនីអនាគតនេះ គឺដាក់ថា ជារថយន្តស័ក្តិសមសម្រាប់គុណតម្លៃ និងជីវភាពរស់នៅរបស់អ្នកបើកបរដែលកើតក្រោយឆ្នាំ១៩៩០។

នៅកាប៊ីនខាងមុខ មិនមានកៅអី២ទេ គឺមានតែមួយសម្រាប់អ្នកបើកបរប៉ុណ្ណោះហើយវាអាចបង្វិលបានទៀតផង។ ចំណែកកៅអីជួរទី២ អាចអង្គុយលេងសណ្តូកខ្លួនបាន។ ឯតម្លៃ កម្លាំងម៉ាស៊ីន ទំហំអាគុយ និងលក្ខណៈពិសេសរបស់រថយន្តនេះ មិនទាន់ត្រូវបានបញ្ជាក់លម្អិតឡើយ។


គួរដឹងថា Toyota គ្រោងបញ្ចេញរថយន្តអគ្គិសនី ១០ម៉ូដែល ក្នុងរយៈពេល ៥ ទៅ ៦ឆ្នាំក្រោយ ដែលមានគោលដៅលក់ឱ្យបាន ៥,៥លានគ្រឿង ត្រឹមឆ្នាំ២០៣០។

កាលពីចុងឆ្នាំកន្លងទៅ Toyota និង Lexus បានរួមគ្នាធ្វើព្រឹត្តិការណ៍បង្ហាញគំរូរថយន្តអគ្គិសនី ១៥ម៉ូដែលដ៏ភ្ញាក់ផ្អើលបំផុតក្នុងពិភពលោក ជាប្រភេទ sedan, SUV, ភីកអាប់ វែន និងស្ព័រ៕
