ញូវយ៉ក៖ ក្រុមហ៊ុនអវកាសឯកជន របស់សហរដ្ឋអាមេរិក SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណេត Starlink ចំនួន ៤៨ ទៀតដោយជោគជ័យ ទៅកាន់គន្លងតារាវិថី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គ្រាប់រ៉ុក្កែត Falcon 9 បានបាញ់បង្ហោះនៅម៉ោង ៨ និង ៤៥នាទីព្រឹក ម៉ោងភាគខាងកើត ពី Space Launch Complex 40 នៅស្ថានីយ៍ Cape Canaveral Space Force ក្នុងរដ្ឋ Florida ។
បន្ទាប់ពីការបាញ់បង្ហោះក្រុមហ៊ុន SpaceX បានបញ្ជាក់ថា ផ្កាយរណប Starlink ត្រូវបានដាក់ពង្រាយ។ ដំណាក់កាលដំបូងរបស់ Falcon 9 បានចុះចតនៅលើយាន្ដគ្មានមនុស្សបើក A Shortfall of Gravitas ដែលឈរជើងនៅមហាសមុទ្រអាត្លង់ទិក។
ក្រុមហ៊ុន SpaceX បានឲ្យដឹងថា នេះជាការបាញ់បង្ហោះលើកទី៤ និងការចុះចតរបស់ Falcon 9 First Stage Booster នេះ។ ផ្កាយរណប Starlink នឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនដល់ទីតាំង ដែលការចូលប្រើ មិនគួរឱ្យទុកចិត្ត មានតម្លៃថ្លៃ ឬមិនអាចប្រើបានទាំងស្រុង នេះបើយោងតាម ក្រុមហ៊ុន SpaceX៕ ប្រែសម្រួល ឈូក បូរ៉ា