បច្ចេកវិទ្យា

Tesla បញ្ចេញ រាយការណ៍ ពីការចែកចាយ រថយន្តអគ្គិសនី ទោះបីជាមានបញ្ហា ប្រឈមក៏ដោយ

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្សអាមេរិក Tesla បានរាយការណ៍ ពីការចែកចាយរថយន្តអគ្គិសនី សម្រាប់ត្រីមាសទី១ របស់ពួកគេ ចំពេលមានការ រីករាលដាល នៃជំងឺរាតត្បាតសកល និងបញ្ហាប្រឈម នៃខ្សែសង្វាក់ផ្គត់ផ្គង់ ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី បានចែកចាយរថយន្តចំនួន ៣១0,0៤៨ គ្រឿង ក្នុងត្រីមាសទី ១ ពោលគឺកើនឡើង បន្តិចពីត្រីមាសមុន និងកើនឡើង ៦៨ ភាគរយធៀបនឹងឆ្នាំមុន ។ កាលខែមករា និងខែកុម្ភៈរួមបញ្ចូលគ្នា រថយន្ត Gigafactory 3 នៅសៀងហៃ បាននាំចេញរថយន្តជាង ៧0,000 គ្រឿងទៅកាន់ទីផ្សារក្រៅប្រទេស សម្រាប់រយៈពេល២ខែដំបូង ក៏បានឃើញការលក់ក្នុងស្រុកឡើង ដល់ចំនួន ៥៩ ៨៤៦ គ្រឿង និងរថយន្ត ៥៦ ៥១៥ គ្រឿង ។

ការរីករាលដាល នៃករណី COVID នៅទីក្រុងសៀងហៃនាពេលថ្មីៗនេះ បាននាំឲ្យមានការបិទទ្វារទូទាំង ទីក្រុងចាប់តាំងពីចុងខែមីនា ហើយបានបន្តរហូត ដល់ខែមេសា។ Tesla មិនទាន់ឆ្លើយតបថាតើផលិតកម្មរបស់ខ្លួន មានមូលដ្ឋាននៅទីក្រុងសៀងហៃ ត្រូវបានបញ្ឈប់ជាលទ្ធផលទេ នៅពេលដែលមានការទាក់ទង ដោយ China Daily កាលពីថ្ងៃពុធ ។
នៅចុងខែមីនា Tesla បានបើករោងចក្រ Gigafactory ទី៤របស់ខ្លួននៅទីក្រុងប៊ែកឡាំង ដោយរំពឹងថា ខ្លួននឹងផលិតរថយន្តរហូតដល់ ៥00,000 គ្រឿងក្នុងមួយឆ្នាំ ៕ដោយ៖លី ភីលីព

Most Popular

To Top