បច្ចេកវិទ្យា

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ក្លាយជាកំពូល មហាសេដ្ឋីលេខ១ លើពិភពលោក

ចិន ៖ នេះបើយោងតាមទស្សនាវដ្តី Forbes បានប្រាប់ឲ្យដឹងថា នាយក ប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានក្លាយជាអ្នកមានជាងគេបំផុត នៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិ សរុបចំនួន ២១៩ ពាន់លានដុល្លារ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

Forbes បានប្រើតម្លៃភាគហ៊ុន និងអត្រាប្តូរប្រាក់ចាប់ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២0២២ ដើម្បីគណនាទ្រព្យសម្បត្តិមហាសេដ្ឋី។ ស្ថាបនិក Amazon លោក Jeff Bezos បានធ្លាក់មកចំណាត់ថ្នាក់លេខ ២ ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ ទស្សនាវដ្ដី Forbes បានបន្តថា សង្គ្រាម ជំងឺរាតត្បាត និងទីផ្សារធ្លាក់ចុះបានវាយប្រហារមហាសេដ្ឋីពិភពលោកនៅឆ្នាំនេះ។

យោងតាមចំណាត់ថ្នាក់ប្រចាំឆ្នាំទី ៣៦ របស់ទស្សនាវដ្ដី Forbes ថា អ្នកមានបំផុតរបស់ភពផែនដី មានមហាសេដ្ឋីចំនួន ២,៦៦៨ នាក់នៅលើពិភពលោក ពោលគឺតិចជាងឆ្នាំមុន ៨៧ នាក់។ ពួកគេមានតម្លៃសរុប ១២.៧ ពាន់ពាន់លានដុល្លារ និង៤00 ពាន់លានដុល្លារ តិចជាងនៅឆ្នាំ ២0២១ ។
នៅពេលនិយាយអំពីប្រទេសនានា សហរដ្ឋអាមេរិក នៅតែនាំមុខគេលើពិភពលោក ដោយមានមហាសេដ្ឋីចំនួន ៧៣៥ នាក់មានទ្រព្យសម្បត្តិសរុបចំនួន ៤.៧ ពាន់ពាន់លានដុល្លារ រួមទាំងលោក Elon Musk ឈរនៅលើកំពូលតារាងជាលើកដំបូង ។
ប្រទេសចិននៅតែស្ថិតនៅលេខ២ ដោយមានមហាសេដ្ឋីចំនួន ៦0៧ នាក់មានតម្លៃសរុបចំនួន ២.៣ ពាន់ពាន់លានដុល្លារ ចំណែកឥណ្ឌាឈរនៅលំដាប់ទី៣ ជាមួយមហាសេដ្ឋី ១៦៦នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top