នៅទីបំផុត Lexus បានទម្លាយមុខមាត់ពិតប្រាកដ នូវរថយន្តអគ្គិសនីថ្មីរបស់ខ្លួនហើយ គឺម៉ូដែល RZ 450e ឆ្នាំ២០២៣។ វាជារថយន្តអគ្គិសនីទី៣ ដែលអភិវឌ្ឍន៍លើគ្រោងឆ្អឹង e-TNGA បន្ទាប់ពី Toyota bZ4X និង Subaru Solterra។

Lexus RZ នេះ បំពាក់ម៉ូទ័រអគ្គិសនី ដែលមានកម្លាំង ៣០៨សេះ គឺខ្លាំងជាង bZ4X និង Solterra ប៉ុន្តែកម្លាំងរមួលវិញ មិនទាន់ត្រូវបានបញ្ជាក់ឡើយ។ ចំណែកអាគុយវិញ គឺវាមានទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ដែលពេលសាកពេញ អាចធ្វើដំណើរបាន ដល់ចម្ងាយ ៣៦២គីឡូម៉ែត្រ។ ចម្ងាយប៉ុណ្ណេះ វាប្រហែលគ្នាទេ។

រូបរាងខាងក្រៅរបស់ RZ 450e រូវបានឌីហ្សាញ ជារថយន្តបែបអនាគត មានភាពប្រណីតខ្លាំង ពិសេសផ្នែកខាងមុខរចនា ជារាងច្រមុះត្រីឆ្លាម បំពាក់ជាមួយចង្កៀងស្រួច LED និងមានប៉ាណា spindle grille ដែល Leuxs ច្រើនតែបំពាក់លើរថយន្តខ្លួន។ ឯផ្នែកកាប៊ីន ក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរ ទៅលើ ចង្កូតរថយន្តមួយកំណាត់ ឬហៅថា Yoke-Style Steering Wheel ដែលគេបានឃើញរួចមកហើយ នៅលើរថយន្ត Tesla Model S Plaid។ ក្រៅពីនោះ គឺឃើញមានកុងទ័រឌីជីថល និងប្រព័ន្ធកម្សាន្ត Touchscreen ១៤អ៊ីញ ហើយចង្កឹះលេខត្រូវបានឌីហ្សាញបែបប្រណិតថ្មី។

គេរំពឹងថា Lexus នឹងបញ្ចេញលក់រថយន្តនេះជាផ្លូវការ ក្នុងទឹកដីសហរដ្ឋអាមេរិក នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២២ ដោយវានឹងមានតម្លៃចាប់ពី ជាង ៤២ ០០០ដុល្លារ ដែលថ្លៃជាង bZ4x និង Soltera៕ Source: Sabay

