រថយន្ត BMW 7-Series បានចូលដល់ជំនាន់ទី៧ហើយ ដែលទើបបង្ហាញខ្លួនជាផ្លូវការជាមួយ ការឌីហ្សាញបែបថ្មី បច្ចេកវិទ្យាថ្មីក្នុងកាប៊ីន ហើយវាក៏ជាលើកដំបូង ដែលមានជម្រើសប្រើអគ្គិសនីផងដែរ។
រូបរាងខាងមុខរបស់វាពិតជាស្អាតទំនើបមើលទៅហាប់ណែនល្អណាស់ ចង្កៀងវារាងស្លីម និងមានប៉ាណាដ៏ធំ ឯចង្កៀងស្តុបក្រោយរាងអក្សរ L ក៏កែប្រែថ្មីផងដែរ។ រថយន្តសេរ៊ីថ្មីនេះ មានប្រវែងវែងជាងស៊េរីមុន។
ក្នុងផ្នែកកាប៊ីនវិញគឺមានលក្ខណៈប្រណីតទំនើបមែនទែនដូចជាដៃចង្កូត កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្ត Touchscreen ទំហំ១៤,៩អ៊ីញ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺជាអេក្រង់ 8K ទំហំ ៣១អ៊ីញ ដែលដាក់សម្រាប់អ្នកអង្គុយខាងក្រោយទស្សនា។
រថយន្ត 7-Series ដែលបង្ហាញចេញនេះ គឺមាន៣ប្រភេទរួមមានប្រភេទអគ្គិសនីជាម៉ូដែល i7 xDrive60 និង២ប្រភេទទៀតប្រើសាំងជាមួយបច្ចេកវិទ្យា Mild-Hybrid គឺជាម៉ូដែល 740i និង 760i xDrive។
សម្រាប់ម៉ូដែល i7 xDrive60 បំពាក់ម៉ូទ័រអគ្គិសនី២ ផលិតបានកម្លាំង ៥៣៦សេះ និងកម្លាំងរមួល ៧៤៤ញ៉ូតុនម៉ែត្រ ប៉ុង២ ជាន់ស្ទុះពី០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៤,៥វិនាទី។ អាគុយរបស់វាទំហំ ១០១,៧ ពេលសាកពេញអាចធ្វើដំណើរបានចម្ងាយប្រហែល ៤៨០គីឡូម៉ែត្រ។
ចំណែកម៉ូដែល 740i ប្រើម៉ាស៊ីនទាក់បូចំណុះ ៣,០លីត្រ ផលិតបានកម្លាំង ៣៧៥សេះ និងកម្លាំងរមួល ៥១៩ញ៉ូតុនម៉ែត្រ រត់ប៉ុងក្រោយ។
ចំពោះម៉ូដែល 760i xDrive វិញ ប្រើម៉ាស៊ីន V8 Twin-Turbo ចំណុះ ៤,៤លីត្រ ផលិតបានកម្លាំង ៥៣៦សេះ និងកម្លាំងរមួល ៧៤៩ញ៉ូតុនម៉ែត្រ។
រថយន្តទាំង៣ម៉ូដែលនេះ ត្រូវបាន BMW បើកឱ្យកក់ហើយក្នុងនោះ៖
- ម៉ូដែល 740i តម្លៃជាង ៩៤ ០០០ដុល្លារ
- ម៉ូដែល 760i xDrive តម្លៃជាង ១១ម៉ឺនដុល្លារ
- ម៉ូដែល i7 xDrive60 តម្លៃជាង ១២ម៉ឺនដុល្លារ៕ ប្រភព៖http://Sabay