ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត Corolla បែបពាណិជ្ជកម្ម ហៅថា Corolla Commercial 2022 ត្រូវបានអភិវឌ្ឍ ជាពិសេសសម្រាប់ការប្រើប្រាស់ ក្នុងការរកស៊ីដឹកជញ្ជូនទំនិញ។
កៅអីខាងក្រោយ អាចដកចេញបាន ដើម្បីបង្កើនភាពធំទូលាយ មានចំណុះ ១៣២៦លីត្រ ហើយអាចផ្ទុកឥវ៉ាន់ដល់ ៤២៥គីឡូក្រាម និងអាចអូសសណ្តោង បានដល់ ៧៥០គីឡូក្រាម។
ក្នុងការប៊ីននេះដែរ វាបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់ Apple CarPlay និង Android Auto, កាមេរ៉ាមើលក្រោយ, ចង្កៀងមុខបិទបើកអូតូ, ប្រព័ន្ធកម្តៅ និងត្រជាក់អូតូជាដើម។ វាក៏បំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense រួមមានដូចជា ប្រព័ន្ធព្រមានពេលមានឧបសគ្គខាងមុខ ដែលនឹងអាចប៉ះទង្គិចគ្នា, ប្រព័ន្ធគ្រប់គ្រងល្បឿនអូតូ, ប្រព័ន្ធព្រមាន ពេលរេចង្កូតចេញពីគន្លង និងភ្លើងហ្វាអូតូជាដើម។
ចំណុចពិសេសមួយទៀត គឺវាជារថយន្តវ៉ែន Corolla ដំបូងដែលប្រើម៉ាស៊ីន Hybrid សម្រាប់ទីផ្សារអង់គ្លេស និងអឺរ៉ុប។ ម៉ាស៊ីនវាគឺមាន ចំណុះ ១,៨លីត្រ ផលិតបានកម្លាំង ១២០សេះ និងកម្លាំងរមួល ១៤២ញ៉ូតុនម៉ែត្រ ដោយវារាងស្ទក់បន្តិច ពោលគឺជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ១១,១វិនាទី និងល្បឿនអតិបរមា ១៨០គីឡូម៉ែត្រ/ម៉ោង។
រថយន្ត Toyota Corolla Commercial 2022 ត្រូវបានដាក់លក់នៅអង់គ្លេស និងអឺរ៉ុប ក្នុងតម្លៃ ២៦ ៥១០អឺរ៉ូ ឬប្រហែល ២៨ ០០០ដុល្លារ៕ Source: Sabay