ក្រុងប៉េកាំង ៖ នេះបើយោងតាម របាយការណ៍របស់បណ្ឌិតសភា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ចិន (CAICT) ថា ការនាំចេញទូរស័ព្ទ របស់ប្រទេសចិន បានធ្លាក់ចុះ ២៩.២ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹមប្រហែល ៦៩.៣៥ លានគ្រឿង នៅត្រីមាសទីមួយ នៃឆ្នាំនេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
CAICT ជាវិទ្យាស្ថានស្រាវជ្រាវ ក្រោមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបាននិយាយថា ការនាំចេញទូរស័ព្ទចល័ត 5G មានចំនួន ៥៣.៨៨ លានគ្រឿងក្នុងអំឡុងពេលនេះ ធ្លាក់ចុះ ២២.៩ ភាគរយ។ ទូរស័ព្ទ 5G បានបន្តគ្រប់គ្រងទីផ្សារស្មាតហ្វូន របស់ប្រទេសចិន ក្នុងរយៈពេល ៣ ខែដំបូងមានចំនួន ៧៧.៧ ភាគរយ នៃការនាំចេញទូរស័ព្ទទាំងអស់ ។
របាយការណ៍បាននិយាយថា កាលខែមីនាតែមួយ ប្រទេសចិនបាននាំចេញទូរស័ព្ទ សរុបចំនួន ២១.៤៦ លានគ្រឿង ធ្លាក់ចុះ ៤០.៥ ភាគរយធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ទិន្នន័យបានបង្ហាញថា ប្រទេសចិនបាននាំចេញទូរស័ព្ទ 5G ចំនួន ២៦៦ លានគ្រឿងក្នុងឆ្នាំ ២០២១ កើនឡើង ៦៣.៥ ភាគរយពីឆ្នាំ ២០២០ ៕ដោយ៖លី ភីលីព
