បច្ចេកវិទ្យា

គ្រាប់រ៉ុក្កែត Long March បាញ់បង្ហោះជាមួយផ្កាយរណប Beijing 3B ដោយជោគជ័យ

ចិន៖ នេះបើយោងតាមក្រុមហ៊ុន China Aerospace Science and Technology Corpបាននិយាយថា គ្រាប់រ៉ុក្កែត Long March 2D បានដាក់ផ្កាយរណបចាប់សញ្ញាពីចម្ងាយ នៅក្នុងគន្លងតារាវិថីកាលពីថ្ងៃពុធ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ 

រ៉ុក្កែតនេះបានផ្ទុះនៅម៉ោង ១១ និង ០១ នាទីព្រឹកពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ហើយក្រោយមកបានពង្រាយផ្កាយរណប Beijing 3B ជាផ្កាយរណបដែលមានមុខងារអុបទិក ពីចម្ងាយមានសមត្ថភាពខ្ពស់ ចូលទៅក្នុងគន្លងដោយបានកំណត់ទុកជាមុន។ 

ការបាញ់បង្ហោះនេះបានកត់សម្គាល់ ការហោះហើរលើកទី៤៣៤ នៃរ៉ុក្កែត Long March និងបេសកកម្មទី ២៩ របស់ប្រទេសចិនមកទល់ពេលនេះនៅឆ្នាំនេះ។ ក្រុមហ៊ុនបាននិយាយថា ផ្កាយរណប Beijing 3B មានភាពរហ័សរហួន និងអាចទុកចិត្តបាន និងផលិតរូបភាពដែលមាននិយមន័យខ្ពស់ ហើយត្រូវបានរចនាឡើង ដើម្បីបង្កើតបរិមាណដ៏ច្រើន នៃទិន្នន័យពីចម្ងាយមានគុណភាព បង្ហាញខ្ពស់ និងព័ត៌មានផ្សេងៗទៀត។

ការចាប់សញ្ញាពីចម្ងាយសំដៅ លើដំណើរការនៃការរកឃើញ និងត្រួតពិនិត្យលក្ខណៈរូបវន្តនៃតំបន់មួយ ដោយវាស់ស្ទង់វិទ្យុសកម្មដែលឆ្លុះបញ្ចាំង និងបញ្ចេញរបស់វានៅចម្ងាយ ជាធម្មតាពីយន្តហោះ ឬផ្កាយរណប។ រ៉ុក្កែត Long March 2D ត្រូវបានរចនា និងសាងសង់ដោយក្រុមហ៊ុន Shanghai Academy of Spaceflight Technology គឺជារ៉ុក្កែតរាវដែលមានកម្លាំងរុញច្រាន ៣00 តោន។

វាមានសមត្ថភាពបញ្ជូនបន្ទុកទម្ងន់១,២តោន ទៅគន្លងព្រះអាទិត្យ ក្នុងរយៈកម្ពស់៧០០ គីឡូម៉ែត្រ។ ការហោះហើរចុងក្រោយ របស់រ៉ុក្កែត Long March បានធ្វើឡើងកាលពីថ្ងៃសៅរ៍ បានបង្កើតកំណត់ត្រាជាតិថ្មីមួយ សម្រាប់ការបាញ់បង្ហោះដោយជោគជ័យជាប់ៗគ្នា៕ ដោយ៖លី ភីលីព

Most Popular

To Top