បច្ចេកវិទ្យា

​រថក្រោះ​ដំបូងគេ​បង្អស់​ក្នុង​ពិភពលោក ត្រូវផលិតដោយអង់គ្លេសដោយកុហក​ថា​ យក​​ប្រើដើម្បីដឹកទឹក​​

រថក្រោះ​ទីមួយ​ក្នុង​ពិភពលោក មាន​ឈ្មោះ​ថា «Little Willie» ត្រូវបានបញ្ចេញ​នៅខែកញ្ញា ឆ្នាំ​១៩១៥ ក្នុងអំឡុងសង្គ្រាមលោកលើកទី១។

គំនិត​នៃការផលិតរថក្រោះនេះ គឺនៅក្នុងឆ្នាំ១៩១៤ នៅពេល​ដែលឧត្តមសេនីយ៍អង់គ្លេសលោក Ernest Swinton និង​លេខាធិការទទួលបន្ទុក​គណៈកម្មាធិការ​ការពារជាតិអង់គ្លេស លោក William Hankey បានគិតថា គួរតែមានការផលិតនូវយានយន្តបំពាក់​អាវុធមួយ​ដែលកង់របស់វាព័ទ្ធជុំវិញ​ដោយដែក ក្នុងការទម្លុះ​ខ្សែការពារ​របស់សត្រូវ និង​អាចធ្វើដំណើរឆ្លងកាត់​តំបន់ភូមិសាស្រ្ត​ដែល​ពិបាកៗខ្លាំង។

គំនិតរបស់​អ្នកទាំងពីរខាងលើ ត្រូវបានរដ្ឋមន្រ្តីទ័ពជើងទឹកអង់គ្លេស លោក Winston Churchill ទទួលយក ហើយ​ចាប់ផ្តើមបង្កើត​គណៈកម្មាធិការ​ដើម្បីជំរុញ​ការផលិត។ ​អ្វីដែល​គួរឱ្យចាប់អារម្មណ៍ ពេល​ផលិតរថក្រោះនេះ គឺអង់គ្លេសបានរក្សាការសម្ងាត់​ពិសេស​មិនឱ្យសត្រូវដឹងជាដាច់ខាត ពោលគឺ​សូម្បីតែកម្មករដែលផលិតរថក្រោះនេះ ក៏មិនដឹងផង ដោយពួកគេ​ត្រូវបានកុហកថា សង់យានយន្ត​សម្រាប់ដឹកទឹក​ (Tank) នៅសមរភូមិតែប៉ុណ្ណោះ ។ ដូច្នេះ​ចាប់ពីពេលនោះមក ពាក្យថា Tank ដែលបកប្រែថា «ធុងទឹក» នោះ គឺក៏ត្រូវបានប្រើប្រាស់​ជាប់​មករហូត​សម្រាប់​បកប្រែ​ថា «រថក្រោះ» ។

យ៉ាងណាមិញ រថក្រោះ Little Willie គឺ​នៅមិនទាន់អាចបំពេញ​តម្រូវការ​របស់ទាហានអង់គ្លេសឡើយ ពោលគឺ​ការបំពេញមុខងាររបស់វាយឺតណាស់ មិនអាចឆ្លងកាត់ទម្លុះលេណដ្ឋាន និង​ម៉ាស៊ីនក្តៅជ្រុល។ ភា្លមៗក្រោយមក អង់គ្លេស ក៏សម្រេច​ចិត្តផលិតរថក្រោះទី២ ដែលមានឈ្មោះថា «Big Willie»។ ក្នុងឆ្នាំ១៩១៦ រថក្រោះនេះបានសាងភាពល្បីល្បាញ​យ៉ាងខ្លាំង​ក្នុងសមរភូមិ Battle of the Somme ដែល​ប្រយុទ្ធ​ជាមួយ​នឹងទ័ពអាល្លឺម៉ង់៕

Most Popular

To Top