ចិន៖ នេះបើយោងតាមប្រធាន អ្នករចនាកម្មវិធីរុករកព្រះច័ន្ទរបស់ប្រទេសចិនបាននិយាយថា ប្រទេសចិននឹងអាចបញ្ចប់ការបង្កើតកន្លែងស្រាវជ្រាវលើព្រះច័ន្ទដោយផ្អែកលើបេសកកម្មរុករកមនុស្សយន្តចំនួន២នៅឆ្នាំ ២០២៨ និងបញ្ជូនអវកាសយានិកចិនទៅកាន់ភពព្រះច័ន្ទនៅឆ្នាំ ២០៣០យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី ។
នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍កណ្តាលចិនថា លោក Wu Weiren ជាអ្នកសិក្សានៃបណ្ឌិត្យសភាវិស្វកម្មចិន និងជានាយកមន្ទីរពិសោធន៍រុករកអវកាសជ្រៅរបស់ប្រទេសនេះ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសចិនបានដាក់ចេញនូវផែនការរុករកអវកាសរបស់ខ្លួនសម្រាប់រយៈពេល ១០ ទៅ ១៥ ឆ្នាំខាងមុខ ។ លោក Wu បានបន្តថា ការរុករកតាមព្រះច័ន្ទជាកិច្ចការសំខាន់មួយក្នុងចំណោមកិច្ចការធំៗទាំង៤លើផែនការអនាគត ហើយ៣ផ្សេងទៀតគឺការស៊ើបអង្កេតអាចម៍ផ្កាយ និងផលប៉ះពាល់ ការរុករកភព និងយានបាញ់បង្ហោះធុនធ្ងន់មានថាមពលគ្រប់គ្រាន់សម្រាប់បេសកកម្មតាមច័ន្ទគតិ និងភពព្រះអង្គារនាពេលអនាគត។
ក្នុងឆ្នាំ ២០០៤ ប្រទេសចិនបានបង្កើត “គម្រោង Chang’e” ជាផ្លូវការ ហើយខ្លួនបានបញ្ចប់ដោយជោគជ័យនូវកម្មវិធីរុករកភពព្រះច័ន្ទ ៣ ជំហានរបស់ខ្លួនក្នុងការធ្វើគន្លង ចុះចត និងនាំយកគំរូត្រឡប់មកវិញ បន្ទាប់ពីបេសកកម្ម Chang’e 5 ក្នុងឆ្នាំ ២០២០។
យោងតាមលោក Wu ថា ប្រទេសចិនកំពុងបន្តជាមួយនឹងជំហានទី៤ នៃការរុករកតាមច័ន្ទគតិ រួមទាំងបេសកកម្ម Chang’e 6, Chang’e 7 និង Chang’e 8 ។ បេសកកម្ម Chang’e 6 នឹងទទួលបានគំរូត្រឡប់មកវិញម្តងទៀត ហើយ Chang’e 7 និង 8 នឹងរុករកប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ហើយដាក់មូលដ្ឋានគ្រឹះនៃច្រកចេញ៕ដោយ៖លី ភីលីព
ប្រទេសចិននឹង បញ្ចប់ការសាងសងស្ថានីយ ព្រះច័ន្ទនៅឆ្នាំ២០២៨ 
By
Posted on