ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី Abarth បានឈានជើងចូលទៅក្នុងទីផ្សារ រថយន្តអគ្គិសនីហើយ ជាមួយនឹងការប្រកាសចេញ រថយន្តអគ្គិសនីម៉ូដែល Abarth 500e ។

រថយន្ត Abarth 500e ប្រើម៉ូទ័រអគ្គិសនី ដែលបង្កើតកម្លាំងបាន ១៥២សេះ និង កម្លាំងរមួល ២៣៤ញ៉ូតុនម៉ែត្រ អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រើពេល ៧វិនាទី ។ វាបំពាក់កញ្ចប់អាគុយ អគ្គិសនីទំហំ ៤២គីឡូវ៉ាត់ម៉ោង ស្របពេលដែលក្រុមហ៊ុន មិនទាន់បានបង្ហាញពីចម្ងាយ បើកបរសរុបរបស់វាឡើយ ប៉ុន្តែ Abarth បានអះអាងថា វាអាចសាកភ្លើងដល់ ៨០% ប្រើពេលត្រឹមតែ ៣៥នាទីប៉ុណ្ណោះ តាមរយៈការប្រើដុំសាកកម្លាំង ៨៥គីឡូវ៉ាត់ ។

Abarth 500e ក៏ផ្តល់មុខងារ Turismo Mode ដែលអាចសន្សំសំចៃថាមពលបានខ្លះ តាមរយៈការកំណត់កម្លាំង របស់វាត្រឹម ១៣៤សេះ ប៉ុណ្ណោះ។ ក្រៅពីនោះ វាក៏មាន Scorpion Street Mode ដែលផ្តល់កម្លាំងពេញ និងមុខងារ one-pedal driving ដែលចាប់ហ្វ្រាំង ដោយស្វ័យប្រវត្តិ នៅពេលដកជើងចេញ ពីឈ្នាន់ហ្គែរ ហើយថាមពលសាកអាគុយ និង Scorpion Track Mode ដែលផ្តល់នូវ Performance យ៉ាងពេញលេញ។

សូមបញ្ជាក់ថា Abarth 500e គឺជារថយន្តអគ្គិសនី ដែលមានរូបរាងតូចច្រឡឹង គួរឲ្យទាក់ទាញ ជាមួយនឹងការឌីហ្សាញបែបទាន់សម័យ និង ស្រស់ស្អាត។ លក្ខណៈពិសេសមួយចំនួន លើរថយន្តនេះមានដូចជា ចង្កៀងមុខ-ក្រោយ LED, យ៉ាន់កង់អាលុយមីញ៉ូម, អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និង Speaker JBL ជាដើម ៕


