បច្ចេកវិទ្យា

Toyota និង Honda យល់ព្រមបំពេញ តាមការទាមទារ ដំឡើងប្រាក់ឈ្នួល ឲ្យសហជីពរបស់ពួកគេ

តូក្យូ ៖ ក្រុមហ៊ុន Toyota Motor Corp និងHonda Motor Co បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធដើម្បីបំពេញ តម្រូវការប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ បានដាក់ចេញ ដោយសហជីពការងាររៀងៗខ្លួន ជាមួយនឹងជំហរសកម្ម ដោយក្រុមហ៊ុនផលិត រថយន្តជប៉ុនធំៗទាំងពីរ រំពឹងថានឹងបង្កើតសន្ទុះ សម្រាប់ការដំឡើងប្រាក់ឈ្នួល ក្នុងវិស័យផ្សេងទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការសម្រេចចិត្តរបស់ Toyota គឺជាឆ្នាំទី៣ ដែលខ្លួនបានបំពេញតម្រូវការដំឡើង ប្រាក់ឈ្នួលយ៉ាងពេញលេញ ត្រូវបានគេហៅថា ការចរចានិទាឃរដូវ រវាងសហជីព និងអ្នកគ្រប់គ្រង ។ សហជីព នៃក្រុមហ៊ុនផលិតរថយន្តកំពូលបានអំពាវនាវឲ្យមានការដំឡើង ប្រាក់ឈ្នួលខ្ពស់បំផុត ក្នុងរយៈពេល ២០ ឆ្នាំដើម្បីទូទាត់ផលប៉ះពាល់ នៃអតិផរណាខ្ពស់ ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Honda បាននិយាយថា ខ្លួននឹងបំពេញតាមការទាមទារ របស់សហជីពរបស់ខ្លួន ក្នុងការដំឡើងប្រាក់ឈ្នួល ប្រចាំខែសរុបចំនួន ១៩,០០០យ៉េន រួមទាំង ការកើនឡើងចំនួន ១២,៥០០ យ៉េន ក្នុងកម្រិតប្រាក់បៀវត្សរ៍ គោលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៣០ ឆ្នាំ ក៏ដូចជាប្រាក់រង្វាន់ ប្រចាំឆ្នាំមានតម្លៃ ៦.៤ ខែ នៃប្រាក់ឈ្នួល ។

ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំង ពីភាពខ្នះខ្នែង នៃការគ្រប់គ្រងរបស់ក្រុមហ៊ុន ផលិតរថយន្តក្នុងការធានា បាននូវធនធានមនុស្សកម្រិតខ្ពស់ តាមរយៈការដំឡើង ប្រាក់ឈ្នួល ចំពេលមានការប្រកួតប្រជែង កាន់តែខ្លាំងនៅពេលប្រឈមមុខ នឹងបច្ចេកវិទ្យាជំនាន់ក្រោយដូចជារថយន្តអគ្គិសនី និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ។

នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះថា លោក Koji Sato ប្រធានក្រុមហ៊ុន តូយ៉ូតា បានប្រាប់សហជីពថា លោកនឹងបំពេញ តាមការទាមទាររបស់ខ្លួនទាំងស្រុង រួមមានប្រាក់រង្វាន់ប្រចាំ ឆ្នាំសរុបចំនួន ៦.៧ ខែ នៃប្រាក់ឈ្នួល ។
ការពិភាក្សាអំពីប្រាក់ឈ្នួល របស់ឧស្សាហកម្មរថយន្តត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយសារពួកគេមាន ឥទ្ធិពលខ្លាំងលើវិស័យផ្សេងទៀត។ ឆ្នាំអាជីវកម្មថ្មីសម្រាប់ក្រុមហ៊ុន ផលិតរថយន្ត និងក្រុមហ៊ុនធំៗ ជាច្រើនទៀតនៅប្រទេសជប៉ុន ចាប់ផ្តើមនៅខែមេសា ៕

Most Popular

To Top